Aerial view of Koh Sampovmeas

Advertisements

អាកូស (អ៊ុយលីសវិលវិញ)

រឿងអ៊ុយលីសវិលវិញ បកប្រែសម្រួលដោយ ទត់ ពុទ្រី និងបោះពុម្ភនៅឆ្នាំ ២០០៤
រឿងអ៊ុយលីសវិលវិញ បកប្រែសម្រួលដោយ ទត់ ពុទ្រី និងបោះពុម្ភនៅឆ្នាំ ២០០៤

ខ្ញុំបានចំនាយពេលរយៈពីរយប់ (បើគិតជាម៉ោងប្រហែលជា១០ម៉ោង) ដើម្បីអានរឿង អ៊ុយលីសវិលវិញ។ រឿងនេះគឺជារឿងរបៀបផ្សងព្រេង របស់តួអង្គអ៊ុយលីសដែលជាតួអង្គមេទ័ពដ៏អង់អាច។ អ៊ុយលីសបានប្រយុទ្ធជាមនុស្សផង យក្សផង អាទិទេពផង ខ្មោចបិសាចផង ទេពអប្សរផងធ្វើយ៉ាងណាអោយតែបានត្រលប់ទៅដល់កោះអ៊ីតាកដែលជាដែនដីកំនើតរបស់ខ្លួនវិញ។ បន្ទាប់ពីច្បាំងឈ្នះក្រុងត្រ័រ និងនាំយកនាងហេលេនមកប្រគល់ជូនស្តេចត្រាមេឡេណាសនៃក្រុងឡាដេសេមន អ៊ុយលីសបានវង្វេងតែលតោលលើសមុទ្រប្រហែលជាជិតម្ភៃឆ្នាំទម្រាំបានមកកោះដល់អ៊ីតាក និងជួបជាមួយពេនេឡុបដែលជាភរិយា និងកូនរបស់គាត់តេឡាម៉ាក។

ដំនើរជិវិតរបស់គាត់ជិតម្ភៃឆ្នាំនៅសមុទ្រ ពិតជាប្រឈមមុខគ្រប់បែបយ៉ាង។ អ៊ុយលីសមានទេព្តាមួយអង្គឈ្មោះអាតេណា ដែលជាកូនស្រីសំណព្វរបស់អាទិទេពស្ហឹសដែលជាអាទិទេពគ្រប់គ្រងអ្វីៗទាំងអស់ តាមថែរក្សា។ បើទោះបីជាអ៊ុយលីសតែងតែងមានទេព្តាអាតេណាតាមជួយក៏ដោយគាត់មិនដែលរំពឹងអ្វីពីអាទិទេពនោះ។ គាត់ជឿជាក់ទៅភាពអង់អាច មុះមុត និងការមិនបោះបង់របស់គាត់។

បើទោះបីជាសាច់រឿងមានភាពប្រទាក់ក្រឡាគ្នាជាមួយអាទិទេព ខ្មោចព្រាយបីសាច នឹងការប្រយុទ្ធដ៏អស្ចារ្យរបស់អ៊ុយលីសជាមួយតួអង្គយក្ស ក៏ខ្ញុំចាប់អារម្មណ៍ជាងគេគឺភាពស្មោះត្រង់របស់អាកូសដែលសត្វឆ្កែសម្លាញ់មួយក្បាល និងក៏ជាមិត្តភក្តិរបស់អ៊ុយលីសផង។

កាលពីម្ភៃឆ្នាំមុនអ៊ុយលីសចេញធ្វើសង្រ្គាមនៅត្រ័រ កូសគ្រាន់តែកូនឆ្កែមួយរបស់អ៊ុយលីសដែលតែងដើរតាមអ៊ុយលីសទៅប្រម៉ាញ់ជាញឹកញយនៅលើដែនដីអ៊ីតាក។  ចាប់តាំងពីអ៊ុយលីសចេញទៅសង្រ្គាម អាកូសវាចាប់ផ្តើមមានអារម្មណ៍ថាបាត់បង់អ្វីម្យ៉ាង។ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមុនការត្រលប់របស់អ៊ុយលីស កំលាំងពលំបានបោះបង់ចោលរាងកាយដ៏ស្គម កំព្រឺងរបស់វា ហើយអ្នកបំរើក្នុងវាំងអ៊ីតាកក៏លែងនឹកនាដាក់បាយអោយវាស៊ីទៀតដែរ។

អាកូសរស់នៅដូចអ្នកសំុទាន រូបរាងឡើងសល់តែស្បែកដណ្តប់ឆ្អឹង ចៃ ដំបៅ អង្កែរពេញខ្លួន ដេកលែងចង់ក្រោយ។ សូម្បីតែរុយទំក៏លែងបក់ដែរ។ បើទោះបីជាយ៉ាងនេះក្តីអាកូសហាក់បីដូចទ្រាំរស់ដើម្បីចង់ជួបម្ចាស់ខ្លួន(អ៊ុយលីស)លើកចុងក្រោយ។កំលាំងនេះបានធ្វើអោយអាកូសខំប្រឹងរស់យ៉ាងត្រដាបត្រដួស។វាដេកអស់សង្ឃឹមរង់ចាំតែថ្ងៃស្លាប់តែប៉ុននោះ។ ប៉ុន្តែដោយសារក្តីសង្ឃឹមចង់ជួបមុខម្ចាស់វាក៏ខំប្រយុទ្ធនឹងមច្ចុរាជដែលតែងតែចង់មកយកជិវិតវារាល់ថ្ងៃ។

អស្ចារ្យ! បើទោះបីជាទុរន់ទុរាយ៉ាងណាក៏ដោយ គ្រាន់តែលឺសម្លេងម្ចាស់ វាខំប្រឹងស្តាប់ឥតច្រលំ ហើយខំងើយមើលមុខម្ចាស់វា។ វាចំណាំម្ចាស់វាយ៉ាងច្បាស់។ អាកូសខំប្រឹងបក់កន្ទុយរវិច ហើយខំប្រឹងងើបយ៉ាងត្រដាបត្រដួសដើម្បីទៅទទួលម្ចាស់វា។

ទោះបីជាបែកអាកូសជិតម្ភៃឆ្នាំ ក៏អ៊ុយលីសនៅចំនាំអាកូសដែរ។ អ៊ុយលីសខំប្រឹងសម្លឹងមុខវាដោយហូរទឹកភ្នែក ហើយនិយាយថ  ” អាកូស មានតែអែងប៉ុននោះដែលនៅចំនាំម្ចាស់អែងឥតច្រលំ។ តើអែងរស់នៅចាំទទួលអញឫមិនមែន?”

អាកូសខំប្រឹងប្រមូលកំលាំងចុងក្រោយដើម្បីសម្លឹងមើលមុខម្ចាស់ដែលវាបានរង់ចាំអស់ជិតម្ភៃឆ្នាំ ហើយក៏បិទភ្នែកស្លាប់ក្បែរជើងម្ចាស់វា។

រឿងរបស់អាកូសជារឿងទីពីរដែលខ្ញុំបានអានបន្ទាប់ពីរឿង ហាជីកូ៕