ការជិះកង់ផ្លូវឆ្ងាយលើកទី២ (ភ្នំពេញ – គិរីរម្យ)

“ជិវិតប្រៀបដូចទៅនឹងការជិះកង់។ ដើម្បីរក្សាបានតុល្យភាព និងលំនឹង អ្នកត្រូវតែជិះទៅមុខ”  Albert Einsteine

ពេលដែលឡើងបានប្រមាណ៥គីឡូម៉ែត្រពីជើងភ្នំ
ពេលដែលឡើងបានប្រមាណ៥គីឡូម៉ែត្រពីជើងភ្នំ

ខ្ញុំគិតថាប្រហែលនេះជាការសម្រេចចិត្តភ្លាមៗដោយគ្មានផែនការទុកមុន។ កាលពីដើមខែតុលា ខ្ញុំ និងមិត្តភកិ្តទើបតែជិះកង់ចំងាយផ្លូវប្រមាណជិត២០០ពីភ្នពេញទៅកំពត។ ការជិះចំងាយផ្លូវជិត២០០គីឡូគឺជាងចំងាយផ្លូវដែលឆ្ងាយបំផុតនៃការជិះកង់ក្នុងរយៈពេល៤ខែចុងក្រោយ និងក៏ជាសាកល្បងកំលាំងផងដែរ។ ដូចអ្វីដែលបានគិត ក្នុងការជិះរយៈពេល២០០គីឡូរម៉ែត្រមុននោះ បានធ្វើអោយខ្ញុំមានអារម្មណ៍ថាសាច់ដុំភ្លៅរបសខ្ញុំទាំងពីររហែកដាច់ដុំៗ។ ចំណែកគូទវិញគឺឈឺប៉ះលែងបានរយៈពេលពីរបីថ្ងៃ។ ជើងទាំងពីរដើរលែងចង់នឹង។ ប៉ុន្តែអ្វីជម្រុញអោយយើងទៅមុខរហូត នោះគឺការទៅជិះកង់ទៅដល់ខេត្តកំពត។

ចំនែកឯចុងអាទិត្យទី៤នៃខែតុលាដដែលបន្ទាប់ពីខ្ញុំមកពីបំពេញការងារនៅម៉ាកាវប្រទេសចិន ជិតមួយអាទិត្រ ខ្ញុំ និងមិត្តជិះកង់ដដែលក៏សម្រេចចិត្តនាំគ្នាជិះកង់ទៅគិរីរម្យ ដែលមានចំងាយប្រមាណជាង១០០គីឡូម៉ែត្រ ហើយត្រលប់មកវិញក្នុងថ្ងៃតែមួយ។ ដំបូងឡើយខ្ញុំនឹងមិត្រភ័ក្តិមានការរារែកចិត្ត ប៉ុន្តែយប់ថ្ងៃសុក្រយើងក៏សម្រេចថាទៅ និងត្រលប់មកវិញពេលល្ងាច។

ព្រឹកថ្ងៃសៅរ៍ ខ្ញុំ និងមិត្តខ្ញុំបានសម្រេចជួបគ្នានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញវេលាម៉ោង៥កន្លះព្រឹកដើម្បីជិះទៅគិររីរម្យគោលដៅដែលយើងបានកំនត់។

ដូចដែលបានកំនត់យើងក៏បានចាកចេញពីគោលដៅនៅ៥កន្លះព្រឹកដូចដែលបានកំនត់។ យើងសម្រេចជិះតាមផ្លូវជាតិលេខ៤ ដែលជាផ្លូវដ៏សំខាន់ក្នងការចរាណ៍ទាំងទំនិញ និងមនុស្ស។ ចំនែកឯកង់របស់យើងដែលកំពុងជិះតាមផ្លូវជាតិហ្នឹងប្រៀបចង្រិតតូចមួយនៅលើផ្លូវ ដែលយើងត្រូវប្រយ័ត្នអោយមែនទែនក្នុងការជិះកង់ ខណៈដែលរថយន្តដឹកទំនិញ ឡានកុងទឺន័រ ឡានក្រុង ឡានទេសចរណ៍កំពុងធ្វើចរារណ៍យ៉ាងមមាញឹកឡើងផ្លូវ។

ការជិះកង់តាមផ្លូវជាតិលេខបួនមិនបានធ្វើអោយអារម្មណ៍របស់ខ្ញុំស្រស់ស្រាយឡើយ។ ទីមួយ ដោយសារតាំងតែពីចេញដំនើររហូតដល់ច្រកចូលឡើងទៅគីរីរម្យសុទ្ធតំបន់រោងចក្រកាត់ដេរ និងតំបន់សេដ្ឋកិច្ចពិសេស ដែលធ្វើអោយយើងធុញថប់និងទិដ្ឋិភាពតាមដងផ្លូវ ដែលយើងរំពឹងទិដ្ឋភាពតាមដងផ្លូវមានពណ៌បៃតង ខណៈវាលស្រែ ពណ៌បៃតងមានដែលមានម្តុំៗតែប៉ុណ្ណោះ។ប៉ុន្តែម្តងម្កាលខ្ញុំក៏ឃើញក្មេងៗពីរបីអ្នកនាំគ្នាស្ទូចត្រី ក្នុងលក្ខណៈយ៉ាងស្ងៀមស្ងាត់។

ទីពីរគឺថាមានឡានធំៗច្រើនចរាចរណ៍លើផ្លូវនេះក្នុងល្បឿនលឿនដែលអាចធ្វើអោយមានគ្រោះថ្នាក់ពេលកំពុងធ្វើដំនើរ។ ជូនកាលឡាកុងតឺន័រទាំងនោះជៀសពីយើងត្រឹមតែមួយម៉ែត្រតែប៉ុននោះ។

ទីបី យើងត្រូវស្រូបយកឧស្ម័នពុលទាំងនោះពេញៗសួត។ ពេលពួកខ្ញុំកំពុងជិះកង់ទាំងសួត ទាំងបេះដូងត្រូវធ្វើការខ្លាំងជាងធម្មតា និងត្រូវការអុកស៊ីសែនច្រើនជាងធម្មតា។ ប៉ុន្តែសារធាតុពុល ទាំងនោះត្រូវខ្ញុំស្រូបយកច្រើនជាងគេហើយមើល ហើយបន្ទាប់ពីកម្មករដែលជិះឡានប្រជ្រៀតគ្នាយ៉ាងណែនណាំតាន់តាប់ ទៅពីព្រោះមានតែខ្ញុំ និងមិត្តខ្ញុំដែលត្រូវការខ្យល់ដកចូលច្រើនជាងគេ ខណគេជិះឡានដែលកំពុងសោយសុខជាមួយម៉ាស៊ីនត្រជាក់។

ខ្ញុំត្រូវទ្រាំជាមួយស្ថានភាពដែលស្រូបយកតែឧស្ម័នរហូតទាល់តែជិតដល់ច្រកចូលទៅគិរីរម្យដែលអាចថាជាឋានសួគ៌ធម្មជាតិដែលសម្បួរដើមស្រល់ និងព្រៃឈើ ទឹកធ្លាក់។

ខ្ញុំបានជិះទៅដល់ដល់ត្បែងត្រយឹងដែលជាកន្លែងផ្លូវបំបែកពីផ្លូវជាតិលេខ៤ ដើម្បីឡើងទៅកាន់គិរីរម្យ នៅម៉ោង១០ ប៉ុន្តែអ្វីដែលហួសចិត្តគឺសម្រាមនៅពាសពេញជាពិសេសចំផ្លាកចូលតែម្តង ហើយធំក្លិនស្អុយ។ បើសិនជាយើង ជិះមិនចាប់អារម្មណ៍មើលផ្លាកនោះទេ យើងអាចច្រលំជាកន្លែង ចាក់សម្រាម។ រយៈចំងាយ៨០គីឡួដំបូងនេះអ្វីខ្ញុំដូចជាមានអារម្មណ៍ខ្វះអ្វីម្យ៉ាង ខុសប្លែកពីកាល ជិះលើកទីមួយទៅកំពត។ អារម្មណ៍នោះគឺខ្វះពាក្យស្វាគមន៍ “Hello, hi” និងស្នាមញញឹមដោយបរិសុទ្ធ ពីក្មេងៗតាមដងផ្លូវ។ ពាក្យទាំងនេះហើយដែលបានធ្វើអោយខ្ញុំញញឺមពេលកំពុងជិះតាមផ្លូវ និងជម្រុញអោយជិះទៅមុខបន្តទៀត។

ផ្លូវបំបែកចេញពីផ្លូវជាតិលេខ៤ ទៅកាន់ឧទ្យានជាតិ សុរាម្រឹត កុសមៈ គិរិរម្យ ដែលមានសម្រាមយ៉ាងច្រើននៅច្រកចូលមួយនេះ។ ខំប្រឹងញញឺមទាំងធុំក្លិនសម្រាម
ផ្លូវបំបែកចេញពីផ្លូវជាតិលេខ៤ ទៅកាន់ឧទ្យានជាតិ សុរាម្រឹត កុសមៈ គិរិរម្យ ដែលមានសម្រាមយ៉ាងច្រើននៅច្រកចូលមួយនេះ។ ខំប្រឹងញញឺមទាំងធុំក្លិនសម្រាម

អ្វីដែលខ្ញុំកត់សម្គាល់ចំពោះការជិះ៨០គីឡូមែត្រដំបូង គឺការជិះរបស់ខ្ញុំ។ ទាំងសាច់ដុំជើង និងសាច់ដុំកំភ្លៅឈប់ក្តៅ និងឈប់ធ្វើអោយខ្ញុំមានអារម្មណ៍ថារហែកសាច់ដុំដែរ។ ទាំងកំលាំង ទាំងល្បឿន មានភាពប្រសើរល្អប្រសើរជាងមុន។ ខ្ញុំគិតថានេះប្រហែលជាមកពីការជិះហាត់ប្រាណប្រមាណ៤០ គីឡូម៉ែត្រជារាងរាល់ពេលខ្ញុំបាក់ទឹកចិត្ត និងគ្មានការលើកទឹកចិត្ត។ ទីពីរអាចមកពីបទពិសោធន៍នៃការជិះជិត២០០គីឡូម៉ែត្រដំបូងរបស់ខ្ញុំ។ មួយវិញទៀតដោយសារតែមេឃនៅព្រឹក និងត្រជាក់ក៏ ជាផ្នែកមួយដែលបានជម្រុញអោយការជិះរបស់ខ្ញុំ។

អូខេ! ឈប់រវើរវាយ! បន្ទាប់ពីទៅដល់ខ្ញុំបានទិញមាន់មួយ២៨០០០រៀល និងតថ្លៃបានហ្រ្វីបាយ បីកញ្ចប់។ ខ្ញុំលែងខ្វល់ខ្វាយរឿងសម្រាមនៅច្រកចូលទៀតហើយ។  តថ្លៃចង់បែកពពុះមាត់។ មាន់ខ្ចប់ ដោយស្លឹកចេកយ៉ាងមានរបៀប! បាយត្រូវបានដាក់ក្នុងកញ្ចប់ផ្លាស្ទឹកពណ៌ស ហើយខ្ញុំក៏អោយ គេច្រក ដាក់ថង់សធំមួយ។ បន្ទាប់អ្នកលក់ក៏ហុចកញ្ចប់មាន់។ ខ្ញុំក៏ហុចលុយអោយ គាត់២៨០០០ ពាន់រៀល។

img_5082

ចំនែកអ្នកដំណើរដែលមកឈប់ទិញម្ហូបសម្រាប់យកទៅបរិភោគនៅខាងកំពូលភ្នំដែរនោះ ពួកគេមើលមុខពួកខ្ញុំដោយឆ្ងល់។ លួចដៀងភ្នែកមើលរហូត ប៉ុន្តែមិនស្តីសួរមួយម៉ាត់ឡើយ។ មានតែអ្នកលក់មាន់់ តែប៉ុននោះដែលនិយាយជាមួយខ្ញុំ។ ប៉ុន្តែអ្នកលក់មាន់មិនខ្ចីខ្វល់អ្វីនោះឡើយក្រៅពីចង់អោយខ្ញុំទិញ មាន់ដុតរបស់ពួកគេ និងត្រីឆ្លូញបំពងដែលដាក់លើថាសបង្អួតអ្នកទិញ។

img_9692

ផ្លូវចូលទៅគីរីរម្យមានប្រវែង២៩គីឡូរមែត្រពីផ្លូវបំបែកត្រំពាំងត្រយឹងទៅរមណីគីរម្យហ្នឹងតែម្តង។ អ្វីដែលរំភើបសម្រាប់៤គីឡូម៉ែត្រដំបូងគឺអស្ចារ្យ។ ខ្ញុំបានទទួលពាកស្វាគមន៍ពីក្មេងតាមផ្លូវ។ ហើយម្តងម្តាលក៏ទទួលបានការស្វាគមន៍ពីឆ្កែក្នុងភូមិផងដែរ។ វាដេញឯង ផងវាព្រុសហៅគ្នាស្កាត់មុខមើលបើទោះបីម្ចាស់ខំឃាត់យ៉ាងណាក៏ដោយ។ ប៉ុន្តែបើទោះបីជាឆ្កែដេញក៏គ្មានបញ្ហា ខ្ញុំគិតវាការ ស្វាគមន៍អ្នកចំនូលថ្មីក្នុងភូមិរបស់វា។

ត្រឹមតែ៥គីឡូម៉ែត្រដំបូងខ្ញុំកំពុងមានអារម្មណ៍លង់នឹងធម្មជាតិ។ ដោយសារទើបតែភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាមុនពេលខ្ញុំទៅ បានធ្វើអោយស្រែ ចំការមានពណ៌ខៀវស្រងាត់។ ចំនែកកន្លែងខ្លះមានទឹកហូររិញៗកាត់ផ្លូវ។ ចំនែកឯផ្លូវកន្លែងខ្លះប្រេះៗដូចសសៃឈាម។ ពេលដែលកាត់ទឹកដែលហូរកាត់ផ្លូវខ្ញុំអារម្មណ៍ថាត្រជាក់ដូចទឹកអម្រឹត! បើទោះបីជាខ្ញុំមិនដឹងថាទឹកអម្រឹតនឹងត្រជាក់ដល់កម្រិតណាក៏ដោយ(និយាយតាមចាស់ៗ)។

អារម្មណ៍ដែលសប្បាយនឹងធម្មជាតិតាមដងផ្លូវចាប់ផ្តើមរសាយបន្តិចៗដោយសារខ្ញុំមើលឃើញពីផ្លូវទៅមុខទៀតសុទ្ធតែឡើងតាមចង្កេះភ្នំ នឹងអត់កន្លែងចុះទេ។

អារម្មណ៍ទាំងនោះក៏បានក្លាយជាពិតមែន! គឺខ្ញុំជិះបាន២០០ម៉ែត្រឈប់ម្តង។ គឺថាតឹងខ្លាំងតែម្តង។ បន្ទាប់មក១០០ម៉ែត្រឈប់ម្តង។ ពេលនោះកាន់តែតឹងខ្លាំងទៅៗបើទោះបីជាខ្ញុំសម្រាកខ្លះក៏ដោយ។ មិត្តភកិ្តខ្ញុំដែលជិះជាមួយគ្នាបាននិយាយលើកទឺកចិត្តថា “កាលខ្ញុំទៅបូកគោ គឺជិះដូចគ្នាបង។ ១០០មែត្រឈប់ម្តង។” ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញថាម៉ោងកាន់តែជ្រេរ ចំណែកកំលាំងកាន់តែខ្សត់។ ចំណែកគីឡូម៉ែត្រដែលនៅសល់គឺ២៤គីឡូម៉ែត្រទៀត។ ពេលនោះខ្ញុំមានអារម្មណ៍ថាត្រូវតែបោះបង់។ ខ្ញុំបានត្អូញត្អែរ។ ប៉ុន្តែមិត្តភកិ្តខ្ញុំនៅតែនិយាយដោយកំលាំងចិត្តថាយើងត្រូវជិះទៅដល់កំពូល។

នៅពេលលឺពាក្យនេះ បានធ្វើអោយខ្ញុំនឹកឃើញពាក្យសម្តីរបស់ Yingដែលខ្ញុំបានលួចស្រលាញ់ថា “ Hesitation leads to nowhere, Vion”បានន័យថាការស្ទាក់ស្ទើរធ្វើអ្នកគ្មានទៅមុខទេ។

ខ្ញុំក៏បានតាំងចិត្តម្តងទៀតថាត្រូវតែទៅលើបើទោះបីជាប្រើមធ្យោបាយអ្វីក៏ដោយ។ ក្នុងរយៈពេលកន្លះម៉ោង គឺពីម៉ោង១១ដល់ម៉ោង១១កន្លះយើងជិះបានថែមត្រឹមតែពីរបីគីឡូមែត្រតែប៉ុននោះ។ អ្នកធ្វើដំនើរតាមផ្លូវខ្លះក៏ញញឹមដាក់យើង ខ្លះក៏សួរហត់អត់បង ជាដើម។ ខ្ញុំទាំងពីរក៏ញញឺមតបទៅវិញ ជួនកាលក៏ឆ្លើយតបទៅវិញទាំងខ្សោយថា “អត់អីទេ”។ ហើយពេលខ្លះក៏ព្រងើយកន្តើយនឹងសំនូរដដែលទាំងនោះ។

យើងក៏ឈប់មួយសន្ទុះធំ ហើយបានលាងដៃលាងជើងលុបមុខ ក្នុងទឹកប្រលាយដែលទទឹងប្រហែលកន្លះម៉ែត្រ និងមានទឹកត្រជាក់ស្រិបដែលធ្លាក់មកពីលើភ្នំ។ ម៉ូតូ និងឡានក៏ចេះតែឡើងទៅមុខឥតឈប់ ប៉ុន្តែហេតុអីបានឈប់តែខ្ញុំពីរអ្នក។ កំលាំងដែលបញ្ជាយាន្តយន្តអោយបរឡើងលើភ្នំពិតស្រួលមែនទែន ហើយលឿនទៀត។ ប៉ុន្តែការឡើងភ្នំចំងាយ២៩គីឡូរមិនជាការងាយស្រួលនោះទេ ដោយជិះកង់ និងប្រើកំលាំងមនុស្សសុទ្ធសាធនោះ។

ប៉ុន្តែឆន្ទៈរបស់ខ្ញុំរបស់ប្រហែលជាអស់ហើយ។ បើទោះបីជាមានការលើកទឹកចិត្តអោយបន្តដំនើរជិត២០គីឡូម៉ែត្រដោយជិះកង់ក៏ខ្ញុំចាប់ផ្តើមចង់បោះបង់ការជិះបន្តទៀត។

img_5078

បន្ទាប់ពីបានសម្រាក និងលាងដៃលាងជើងលុបនឹងទឹកអូរដ៏ត្រជាក់យើងក៏បន្តជើងឡើងទៅលើកំពូលភ្នំទៀត។ ប៉ុន្តែជិះបានត្រឹមតែ១០០ម៉ែត្រក៏អស់ជើងជិះទៅមុខទៀត។ យើងក៏បានសម្រាកបន្តិចទៀត។ គាប់ជួនពេលនោះមានឡានដឹកទំនិញព័ណ៌សមួយជិះឡើងទៅលើកំពូលភ្នំ។ មិនដឹងជាយ៉ាងម៉េច ឫក៏ប្រហែលជាតៃកុងឡានដឹងថាយើងត្រូវខាងលើដែរ គាត់ក៏បង្អង់ហើយក៏សួរយើងថា “ម៉េចអូន? ចង់ដាក់ឡានឡើងទៅលើឫអត់?”ពួកយើងមើលមុខគ្នាហើយដំបូងថាអត់ទេ តែគិតមួយភ្លែតទៀតយើងគិតថាត្រូវតែទៅ បើទោះជាមានការតាំងចិត្តខ្លាំងយ៉ាងណាក៏ដោយពីព្រោះដោយសារថ្ងៃកាន់តែជ្រេរ គម្រោងផែនការផ្សេងទៀតមិនទាន់បានសម្រេច។ ដូចច្នេះយើងក៏លើកកង់ដាក់ឡាន!

img_9740
ខ្ញុំកំពុងតែជិះឡានដែលខ្ញុំបានកាក់ដើម្បីសុំជិះទៅដល់កំពូលភ្នំ

គ្រាន់តែលើកកង់ដាក់ឡាន ហើយឡានបើកឡើងភ្នំភ្លាម! Oh my ព្រះ! អារម្មណ៍ដូចឡើងឋានសួគ៌។ អ្វីៗដូចជាព្រះទាន។ដើមស្រល់ដុះជាជូរៗ អមដោយប្រលាយទឹកហូរអត់ដាច់។ ឡានក៏ចេញដំណើរដ៏លឿនឡើងលើភ្នំ។ អារម្មណ៍របស់រំភើបនឹងទេសភាពតាមដងផ្លូវ។ ជួនកាលអ្នកដំនើរដែលឃើញយើងជិះឡានខ្លះក៏សំឡឹងមើលយើងហើយ ញញឹម ចំនែកឯខ្លះទៀតក៏ស្រែកម៉េចបានដាក់លើឡានហើយបង។ ខ្ញុំគ្រាន់បានញញឹមតបទៅពួកគេវិញតែប៉ុននោះ។

នៅពេលជិះឡាន ឡើងចំនោទរហូតខ្ញុំស្រម័យថា បើខ្ញុំជិះកង់ឡើងវិញនោះគឺថាប្រហែលជាល្ងាចហើយបានឡើងដល់កំពូល។ ចំនែកឯសាច់ដុំភ្លៅត្រូវប្រេះជាសសៃហើយ។ ជង្គង់ត្រូវរបូតខ្ចៅខ្យងអស់ហើយ។ ប្រហែលជាធ្វើបុណ្យដល់ហើយខ្ញុំពេលហ្នឹង។ ចំងាយប្រមាណ២០គីឡូម៉ែត្រ ជិះឡានឡើងត្រឹម១៥នាទី។ ពេលហ្នឹងបានចាប់ផ្តើមដឹងគុណអ្នកដែលហៅជិះ បើមិនអីចឹងទទេ ប្រហែលជាផែនការកា្លយជាផែនស្ករហើយ។ ការបត់បែនតាមកាលៈទេសអាចសម្រួលស្ថានការបស់យើងបាន ប៉ុន្តែវាអាចធ្វើអោយយើងបាត់បង់អ្វីមួយ និងទទួលបានអ្វីមួយត្រលប់មកវិញ។

នៅពេលកំពួលភ្នំភ្លាមអារម្មណ៍នឿយហត់របស់ខ្ញុំក៏បានរសាយ នៅពេលចាប់ផ្តើមឃើញផ្លាកដាក់ “សូមស្វាគមន៍ ឧទ្យានជាតិ ព្រះសុរម្រឹត កុសម “គិរីរម្យ” ដែលនៅពីក្រោយផ្លាកក្រហមនោះ។ នៅលើផ្ទាំងពណ៌ក្រហមដែលមាននៅពីក្រោមវានោះមានរូបថតពីសន្លឹកដែលបង្ហាញអំពីទឹកធ្លាក់នៅគីរីរម្យ។ចំនែកឯនៅផ្នែកខាងលើផ្ទាំងក្រហមនោះមានដាក់ផែនទីទៅកាន់ផ្នែកផ្សេងៗនៃតំបន់គិរីរម្យ ដូចជាផ្លូវទៅកាន់វត្តគិរិរម្យចាស់ ព្រះរាជដំណាក់ ទឹកឆូរទី១ ទីស្នាក់ការឧទ្យានជាតិ ព្រលានយន្តហោះ និងផ្លូវត្រលប់ទៅភ្នំពេញវិញ។

ទៅដល់លើកំពូលភ្នំដំបូងម៉ោង១២ជាងបន្តិចបន្តួច ខ្ញុំក៏ហុចកាមេរ៉ាទៅមិត្តភក្តិខ្ញុំម្នាក់ទៀតជួយថតរូបអោយដើម្បីបញ្ជាក់ខ្ញុំទៅបានដល់គិរិរម្យដោយការជិះកង់។ ពេលកំពុងថត មានឡានហាលេនដឺរតូយ៉ូតា បានឈប់ក្បែរផ្ទាំងក្រហមដែលដាក់ផ្លាកសូមស្វាមគមន៍នេះផងដែរ។ បន្ទាប់ស្រាប់បង្អូចឡានត្រូវបានទំលាក់ចុះយឺតៗដោយអូតូម៉ាតិច ក៏លេចមុខម៉ាចាស់ពីររូប និងស្រ្តីអ្នកបើកឡានវ័យកណ្តាលម្នាក់ និងកូនស្រីម្នាក់នៅខាងស្តាំដៃគាត់កំពុងចុចទូរស័ព្ទ។ ប្រហែលជាពួកគាត់ឆ្ងល់នឹងពួកខ្ញុំពីរនាក់ដែលស្លៀកពាក់ប្លែកពីគេ និងមានកង់នៅក្បែរខ្លួន។ ម៉ាម្នាក់ក៏ញញឺមហើយសួរថា “ចៅឯងមកពីណា ហើយជិះកង់ទៅណា”?

ខ្ញុំត្រូវបានឡានដឹកទំនិញដឹកមកដល់កំពូលភ្នំដោយសុវត្ថិភាព។ ហើយខ្ញុំចង់ប្រាប់ថាខ្ញុំទៅដល់កំពូលភ្នំហើយ :D
ខ្ញុំត្រូវបានឡានដឹកទំនិញដឹកមកដល់កំពូលភ្នំដោយសុវត្ថិភាព។ ហើយខ្ញុំចង់ប្រាប់ថាខ្ញុំទៅដល់កំពូលភ្នំហើយ 😀

ខ្ញុំក៏តប “ខ្ញុំជិះកង់មកគីរីរម្យនេះម៉ា! ចំនែកម៉ាក៏គាត់បញ្ជាក់ថា”ចៅឯងជិះមកពីភ្នំពេញ?”

ខ្ញុំក៏បញ្ជាក់ថា “បាទ! ម៉ា”។ គ្រាន់លឺថាខ្ញុំជិះកង់មកពីភ្នំពេញ ស្រាប់តែអ្នកទាំងបី លើកលែងតែកូនស្រីរបស់គាត់មួយបានភ្ញាក់ផ្អើល ហើយក៏លាន់មាត់ថា “ស្លាប់ហើយ ពួកអាអូនឯងនេះដូចអ្នកកីឡាកាសជិះអត់ហត់! បើអ៊ីវិញ(ស្រ្តីអ្នកបើកឡាន) ជិះបីយប់បីថ្ងៃបានដល់”។ ខ្ញុំគ្រាន់តែញញឹម និងនិយាយលេងពីនេះពីនោះបន្តិច រួចពួកគាត់ក៏ចេញឡានសំដៅទៅទឹកឈូរ។

ថតរួបបានពីរបីប៉ុស្តិ៍ ពោះក៏ចាប់ផ្តើមកូរគ្រូកៗ។ នេះបានបញ្ជាក់ថាល្មមដល់ម៉ោងថ្ងៃត្រង់ហើយ។  (to be continued, don’t know when)