កំណែសម្រួលឈ្មោះ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧៖
ខ្ញុំយល់ស្របតាមការពន្យល់របស់បង ហេង សុផាឌី តាមរយៈយោបល់នៅលើ facebook post របស់បង ញឹម សុធាវិន នៅថ្ងៃនេះថា៖ “ខ្ញុំសូមចូលរួមយោបល់ខ្លះក្នុងនាមបុគ្គលមួយរូបដែលបានចូលក្នុងកិច្ចការសរសេរ ឯកសាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក សុំចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការដែលសម្រេចសរសេរពាក្យសំបូរ មិនសរសេរ សម្បូណ៌ ព្រោះយកតាមឈ្មោះដែលប្រើជាផ្លូវការក្នុងវិស័យរដ្ឋបាល ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ ដូច្នេះហើយទើបក្រុមការងារយល់ថាត្រូវសរសេរឲ្យត្រូវតាមពាក្យដែលប្រើក្នុងវិស័យរដ្ឋបាលជាផ្លូវការរួចទៅហើយ បើទោះជាដឹងថាពាក្យនោះពុំត្រឹមត្រូវតាមក្បួនច្បាប់វេយ្យាករណ៍ខ្មែរក៏ដោយចុះ។ ម្យ៉ាងទៀតគិតថា ការដែលប្រើពាក្យថ្មីនាំឲ្យច្របូកច្របល់។”
ដូច្នេះខ្ញុំសូមកែសម្រួលឈ្មោះក្នុងអត្ថបទនេះពី «សម្បូរ» មកជា «សំបូរ» វិញ។ ម្យ៉ាងទៀតនៅពេលសរសេរអត្ថបទនេះ ខ្ញុំគិតតែតាមវចនានុក្រមមិនបានគិតទៅលើការសរសេរជាឡាតាំងរបស់អ្នកស្រាវជ្រាវបារាំងដូចជាគ្រូសំស្ក្រឹតលោក ល្វី ហ្វីណូត៍ និងលោក ប៉ាម៉ង់ទីយេ ដែលសរសេរជា Sambór (m=ម, ó=ូ) «សម្បូរ» នៅឆ្នាំ១៩១២ Saṃbór (ṃ=ំ, ó=ូ) «សំបូរ» នៅឆ្នាំក្រោយៗមក។ ខ្ញុំក៏ត្រលប់ទៅមើលវចនានុក្រម ខ្មែរ-បារាំង របស់លោក អាយម៉ូនីញេ និងលោក សឺង ដៀប (បោះពុម្ពឆ្នាំ១៨៧៨) និងរបស់លោក ហ្សង់-បាប្ទិស្ត ប៊ែរណា (បោះពុម្ពឆ្នាំ១៩០២) ម្តងទៀត ឃើញថាអ្នកទាំងបីសុទ្ធតែសរសេរ «សំបូរ» ជាព្យាង្គរាយ (សូមមើលរូបខាងក្រោម)។ នេះប្រហែលជាទម្រង់ដែលគេនិយមសរសេរនៅជំនាន់នោះ ដូច្នេះគួរសរសេរឈ្មោះជា «សំបូរ» ពុំមែន «សម្បូរ» ឡើយ។ យ៉ាងណាក៏ដោយ ខ្មែរសរសេរព្យាង្គរាយនិងតម្រួតឆ្លាស់គ្នាយូរយារហើយ ឲ្យថាត្រូវឬខុសនោះក៏ពុំបានដូចគ្នា គ្រាន់តែដើម្បីសម្រួលការសរសេរផងនិងចំណាំផង យើងតោងប្រើទម្រង់តែមួយឲ្យស៊ីគ្នាហើយឲ្យកំណត់ចំណាំមួយថាអាចសរសេរជាទម្រង់មួយទៀតបានជាការស្រេចហើយ។ ក្នុងអត្ថបទខាងក្រោម ខ្ញុំរក្សាទម្រង់ «សម្បូរ» តាមវចនានុក្រមកាលណាខ្ញុំឲ្យជាអត្ថន័យឬយោងពីឯកសារគេដែលប្រើទម្រង់នេះ តែខ្ញុំប្រើ «សំបូរ» ជាឈ្មោះប្រាសាទនិងភូមិដូច្នេះវិញ។
វចនានុក្រមខ្មែរ-បារាំង ដែលបោះពុម្ពមុនវចនានុក្រមខ្មែរ
អត្ថបទ
មកទល់ឥឡូវនេះ មានការពន្យល់បកស្រាយច្រើនបែបយ៉ាងចំពោះអត្ថន័យរបស់ឈ្មោះ «សំបូរព្រៃគុក» ដូចជាឯកសារចុះបញ្ជីបេតិកភណ្ឌពិភពលោកប្រែជាអង់គ្លេសថា “the temple in the richness of the forest” «ប្រាសាទនៅក្នុងព្រៃដ៏សម្បូរ?»។ លោក មីសែល ត្រាណេ ធ្លាប់ពន្យល់យ៉ាងខ្លីថាវាផ្សំដោយពាក្យបីគឺ «សម្បូរ» ជាឈ្មោះរបស់ភូមិមួយនៅជិតក្រុមប្រាសាទ, «ព្រៃ» សំដៅព្រៃឈើ, និង «គុក (Kuk)» ជាពាក្យខ្មែរហៅ «ប្រាសាទ»។ សរុបមក«សម្បូរព្រៃគុក»មានន័យថា «ព្រៃស្តុកដោយគុក ឬប្រាង្គប្រាសាទ» (La foret aux tours)។ យ៉ាងណាក៏យើងឃើញនៅមានការបកស្រាយខុសៗគ្នាចំពោះឈ្មោះនេះ ពិសេសក្នុងរយៈពេលដែល «សម្បូរព្រៃគុក» ក្លាយជាបេតិកភណ្ឌពិភពលោក។ ក្នុងសំណេរនេះ ខ្ញុំរពឹងថាការបកស្រាយផ្សេងៗពីឈ្មោះ«សំបូរព្រៃគុក»នឹងបញ្ចប់ត្រឹមនេះដើម្បីយើងអាចងាកទៅរកប្រធានបទផ្សេងទៀត។
ខ្ញុំបានបកស្រាយពី «គុក» និង «គុហ៍» នៅប្លុកមុនរួចហើយ នៅទីនេះខ្ញុំសុំបកស្រាយលើការណ៍ដែលនាំឲ្យពិបាកប្រែនិងពន្យល់ពាក្យ «សំបូរព្រៃគុក»។ ជាទូទៅប្រាសាទខ្មែរមួយចំនួនមានឈ្មោះដូចជា «ព្រៃគុក» «ព្រៃប្រាសាទ» ឬ «ព្រៃក្តី» ដែលមានន័យជារួមថា «ព្រៃរបស់ប្រាសាទ» ឬ «ព្រៃដែលមានប្រាសាទ» ពោលគឺសំដៅទៅ«ដីព្រៃ»ដែលមានប្រាសាទក្នុងនោះ ពុំមែនសំដៅទៅលើឈ្មោះប្រាសាទផ្ទាល់ឡើយ (ត្រង់នេះសូមមិត្តអ្នកអានមើលអត្ថបទរបស់អ្នកគ្រូពៅ សាវរស ដែលខ្ញុំប្រែសម្រួលមួយវគ្គខ្លីជាខ្មែរនៅខាងចុងប្លុកអំពីគុក)។…
View original post 861 more words