បទពិសោធន៍នៃការជិះម៉ូតូតាមខេត្តបន្ទាត់ព្រំដែនជាង២៣០០គីឡូម៉ែត្រជុំវិញប្រទេសកម្ពុជា(វគ្គបញ្ចប់)

ទេសភាពផ្លូវភ្នំព្រឹក ដូចមណ្ឌលគិរីទី៣

បន្ទាប់ពីបានចូលលេងប្រហែលជាងមួយម៉ោងរួចមកកក៏បន្តដំណើរទៅទៅប៉ោយប៉ែត។ កាត់ប៉ោយប៉ែត អូជ្រៅ ម៉ាឡៃ ប៉ៃលិន សុទ្ធសឹងតែជាតំបន់ព្រំដែនពាណិជ្ជកម្ម ច្រកចេញដ៏សំខាន់​ទៅកាន់ប្រទេសថៃ។ ជិវភាពប្រជាពលរដ្ឋមើលទៅក៏ធូរធារ។ ផ្ទះ ឡាន របស់របរប្រើប្រាស់។ មួយតំបន់ដែលជិះឆ្លងកាត់សុទ្ធសឹងតែជាសមរភូមិនក្តៅ និងចុងក្រោយសម្រាប់មេដឹកនាំខ្មែរក្រហម។​

តំបន់ទាំងអស់នេះគឺជាតំបន់ដ៏សំខាន់នៃដំណាំឧស្សាហកម្មដូចជាពោត ដំឡូងមី សណ្តែក​សៀង​ជាដើម​។ នៅពេលជិះកាត់តំបន់ទាំងនេះក្នុងអំឡុងខែវិច្ឆិការ ក៏ឃើញមានគោយន្តកែឆ្នៃ​បានដឹកដំឡូង​មីចេញ​ពីចំការ។ កន្លែងខ្លះមានពោត។

ទេសភាពនៃតំបន់នេះមានលក្ខណប្លែកម្យ៉ាង។ តំបន់ខ្លះនៅពេលដែលគេប្រមូលផលដំឡូងមី និងសណ្តែករួចនោះ តំបន់នោះហាក់បីដូចទំពែកអីចឹង គឺដូចវាលរហោរស្ថាន រាងដូចទឹករលក ជាមួយនឹង​កូនភ្នំមួយដែលមានដើមឈើមួយដើមសោះ។

ប៉ុន្តែនៅពេលជិះចូលដល់តំបន់ព្រំព្រឹក្ស ទេសភាពស្រដៀងនៅមណ្ឌលគិរី ប៉ុន្តែមាន​លក្ខណៈ​ពិសេសជាង​មណ្ឌលគិរីបន្តិច។ គឺតំបន់នៅពេលជិះមើលឃើញភ្នំំមួយពេញដាច់ដោយឡែក និងអមជាមួយផ្លូវកៅស៊ូ និងចំការព័ទ្ធជុំវិញ។

វាប្រៀបបានទៅការរចនានគររូបនីយកម្មបែបបារាំងមួយបែប ដែលគេកសាងរូប​សំណាក​តំណាង​អ្វីមួយដ៏ធំ នឹងជាចំនុចប្រសព្វដែលផ្លូវធំ។ ដូចច្នេះនៅពេលដែលជិះកាន់តែជិត កាន់តែ​មានអារម្មណ៍អស្ចារ្យ។

កន្លែងខ្លះយើងក៏ជិះពទ្ធភ្នំ ដែលអាចអោយយើងមើលឃើញទេសភាពនៃតំបន់វាលចំការ​យ៉ាងពេញ​លេញ និងស្រស់ស្អាត។

ផ្លូវពីសំឡូតទៅប្រម៉ោយស្អាតម៉ូតូបែកកង់

DCIM\100GOPRO\GOPR1145.JPG

បន្ទាប់ពីជិះកាត់តំបន់ម៉ាឡៃ ប៉ៃលិន ភ្នំព្រឹក សំពៅលូនរួចរក អ្វីដែលពិសេសគឺយើងជិះកាត់ពីសំឡូត​នៃខេត្តបាត់ដំបង ទៅកាន់ឃុំប្រម៉ោយ ស្រុកវាលវែង។ 

ផ្លូវនេះបើទោះជាលំបាកខ្លះ កន្លែងខ្លះកំពុងធ្វើ ប៉ុន្តែទេសភាពតំបន់តាម​ទៅតំបន់​នោះពីជាប្លែកស្អាត​អាស្ចារ្យ។ ភាគច្រើននៃកំណាត់ផ្លូវនេះគឺជាផ្លូវក្រាលគ្រួសក្រហម។

ដោយសារតំបន់សំឡូត មិនខុសពីតំបន់ព្រំដែនដែលយើងជិះកាត់កន្លងមកដែរ។ គឺតំបន់ទាំងនេះគឺជា​តំបន់ភ្នំ និងមានចម្ការពោត សណ្តែក ដំឡូងមី តាមផ្លូវឥតដាច់។ មួយវិញទៀតនៅពេល​ដែល​យើង​ជិះ​កាត់តំបន់នេះ តំបន់ខ្លះ ភ្នំនៅមានដើមឈើដុះក្រាស់នៅនៅឡើយ។ ចំនែកឯកកន្លែងខ្លះក៏មានឆក ដោយដីចំការផ្សេងៗ។ ប៉ុន្តែទេសភាពជួរភ្នំ ចំការ ផ្លូវឡើងចុះៗ បានធ្វើការដំណើរផ្សងព្រេង​របស់យើងកាន់តែ​មានលក្ខណៈពិសេស និងស្រស់ស្រាយ។

ប៉ុន្តែនៅប្រហែលពាក់គណ្តាលផ្លូវពីសំឡូតទៅប្រម៉ោយ ខ្ញុំបានមានអារម្មណ៍ថាម៉ូតូរ​បស់ខ្ញុំរាងវេរកង់​ក្រោយ។ បន្ទាប់ពិនិត្យហើយគឺឃើញមានមុតលួសយ៉ាងធំ។ អ្វីដែលសំណាងនោះគឺនៅ​ខាងមុខ​ប្រហែលជាងពីរ បីគីឡូរ គឺមានផ្សារតូចមួយ និងមានកន្លែងប៉ះម៉ូតូ។

អ្វីដែលគួរឱ្យបារម្ភនាពេលនោះខ្ញុំមិនមានពោះវៀនស្រគួរ និងប្រដាប់ប្រដារសម្រាប់ប៉ះម៉ូតូទេ។ អ្វីដែលបារម្ភមួយទៀតនោះ គឺខ្លាចជាងអត់គ្រឿងគ្រប់សម្រាប់ប៉ះ។

នៅពេលដល់ផ្សារ(ចាំស្រាវជ្រាវរកឈ្មោះ ដោយសារភ្លេច) មានកន្លែងធ្វើម៉ូតូមួយ ដែលទើបនឹងសង់ និងមានយុវជនម្នាក់រាងស្គម អាយុស្របាល២០ជាង ជាជាងប៉ះ។ កន្លែងធ្វើម៉ូតូរៀបនឹងបិទទ្វារទៅហើយដោយសារតែមេឃរាងល្ងាចហើយ។

ម៉ូតូខ្ញុំប្រហែលជាម៉ូតូចុងក្រោយ និងជាអតិថិជនចុងក្រោយសម្រាប់ថ្ងៃហ្នឹង។ ខ្ញុំក៏សូមអរគុណដ៏ជាងម៉ូតូដែលបានជួយប៉ះបំណះរួចរាល់យ៉ាងស្អាត បើទោះបីនេះជាលើកមួយនៃការប៉ះកង់ម៉ូតូធំក៏ដោយ។

បន្ទាប់ពីប៉ះរួចខ្ញុំក៏បន្តដំណើរទៅរង្វង់មួលដំរី ស្រុកវាលវែងខេត្តពោធិសាត់។

ខ្ញុំបានជិះកាត់ឃុំក្រពើពីរ ដែលធ្លាប់តែលឺឈ្មោះ និងបានជិះកាត់សហគមន៍ភ្នំព័រ។ ផ្លូវពីសំឡូត​ទៅប្រម៉ោយ យើងអាចមើលឃើញទេសដ៏ប្រណិតនៃភ្នំទំព័រ។ តាមបណ្តោយផ្លូវពេលខ្លះ​យើង​ក្មេងៗ​ជិះម៉ូតូបង្ហោះខ្លែងលេង ពេលខ្លះឃើញប្រជាសហគមន៍ជិះគោយន្តប្រហែលត្រលប់ពីធ្វើចម្ការ។

DCIM\100GOPRO\GOPR1175.JPG

យើងបានទៅដល់រង្វង់មូលដំរី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ នៅម៉ោងប្រហែល៦ល្ងាចទៅហើយ។ ឆ្លៀតឈប់ថតរូបបន្តិចនៅរង្វង់ដំរី។

ប៉ុន្តែអ្វីដែលគួរឱ្យអបអរសាទរនៅពេលទៅដល់រង្វង់ដំរីនោះ និងអបអរដល់អនាគតគូស្វាមីថ្មី ដែលកំពុងតែថតPre Wedding។

DCIM\100GOPRO\GOPR1200.JPG

ដំបូងពួកខ្ញុំគិតថាឈប់សម្រាកត្រឹមប្រម៉ោយសិន ដោយនឹកឃើញថាចាំស្អែក ចាំបន្តដំណើរទៅអូសោម កោះកុង។ ប៉ុន្តែខុសពីការរំពឹងទុកទៀត។ យើងក៏សម្រេចទៅចេញទៅអូសោមទាំងយប់។ ផ្លូវនេះគឺជាផ្លូវដែលមិនសូវជាស្រួលប៉ុន្មានទេជាពិសេសនៅពេលមេឃភ្លៀង។

ប្រម៉ោយ អូសោមពិបាកនៅពេលមានមេឃភ្លៀង

ពួកយើងចេញរង្វង់មូលប្រម៉ោយនាម៉ោងប្រមាណ៦.៣០នាទីជាងទៅហើយ ឆ្ពោះទៅកាន់អូសោម។ អូសោមនេះគឺជាតំបន់លាក់ខ្លួនដ៏ស្រស់ស្អាតមួយនៃខេត្តពោធិសាត់។

DCIM\100GOPRO\GOPR1229.JPG

បើតាមបទពិសោធន៍អ្នកធ្វើដំណើរមុនៗនៅពេលដែលមានមេឃភ្លៀង ផ្លូវនេះគឺវេទនាសម្រាប់ការ​ធ្វើដំណើរ​មែនទែន និងមិនត្រូវបានណែនាំឲ្យធ្វើដំណើរពេលមានភ្លៀងធ្លាក់ ថ្ងៃលិចទៀត។​ស្ថានភាពផ្លូវនា​ពេលនោះគឺរអិល កន្លែងខ្លះមានជ្រោះ មានដីស្អិតជាប់កង់ ហ្វ្រាំងម៉ូតូ ឫឡាន ជាប់ផុង ដែលត្រូវការ​មានរថយន្ត​សណ្តោងនៅតំបន់ជួយ។

នៅពេលដែលខ្ញុំទៅផ្លូវនេះត្រូវបានក្រុមហ៊ុនចិនឈូសឆាយស្រួលច្រើនហើយ។ដោយសារតែផ្លូវនេះកំពុងធ្វើ ដូចនេះតែងតែមានដុំថ្ម កន្លែងខ្លះរអិល កន្លែងខ្លះវៀងចុះតាម​អូរដែលមា​នដុំថ្មរ​ដិបរដុប។​ក្នុងរយៈពេលប្រមាណត្រឹមតែ២ទៅបីឆ្នាំទៀតផ្លូវពីប្រមោយទៅអូសោមដែលចំងាយប្រមាណជាង៥០គីឡូម៉ែត្រនេះ នឹងត្រូវបានក្រាលកៅស៊ូយ៉ាងស្អាត។

យើងបានទៅដល់អូសោមម៉ោងប្រមាណ៨.៣០នាទីយប់ ចំថ្ងៃ១៥កើត ខែកក្តិក ជាថ្ងៃនៃព្រះរាជពិធី​អុំទូកអកអំបុក និងបណ្តែតប្រទីប ជាខែរងារផង។

ពេលដល់អូសោម យើងបានឆ្លងស្ពានបាឡេដែលឆ្លងកាត់បឹងមាត់ព្រះ។ ទេសភាពពិត​ជាស្រស់​ស្អាត​មែនទៀត។

ចំថ្ងៃពេញបូរមី យើងហាក់បីដូចមើលឃើញស្រមោលនៅទីក្រុងដែលស្ថិតនៅភ្នំ និងជួរភ្នំឡើងចុះៗ​នៅត្រើយម្ខាងនៃស្ពាន និងអមដោយ​ព្រះច័ន្ទពេញ។ ផ្ទៃមេឃពណ៌ខៀ និងឆ្លុះដោយ​ពណ៌ប្រាក់ដ៏​ត្រជាក់​នៃ​ពន្លឺព្រះច័ន្ទ​ជះមកលើ​ផ្ទៃបឹង។ ទិដ្ឋភាពអស្ចារ្យនេះខ្ញុំមិនមាន​ពាក្យអ្វី​យកបរិយាប្រាប់​ដើម្បីឲ្យ​សម​ស្រប និងទិដ្ឋិភាពជាក់ស្តែងនោះទេ។ ដូចនេះអ្នកគួរតែឆ្លៀតទៅតំបន់លេងកំសាន្តនៅតំបន់ម្តង។

ម៉ោងប្រហែលជាង៩ យើងបានចូលបរិភោគអាហារពេលយប់ដែលមាន ឆាដើម​ក្រវាញ(​ម្ហូបប្រចាំតំបន់​ភ្នំក្រវាញ) ដែលមានរស់ជាតិហិរប្រហើរៗដែលសម្រួលដោយពោះវៀន សម្លរម្ជូរគ្រឿងសាច់គោ និងស្រាបៀរ​កម្ពុជា​ត្រជាក់ៗម្នាក់ៗ២កំប៉ុង។

DCIM\100GOPRO\GOPR1258.JPG

បន្ទាប់ពីបាយរួចម៉ោងប្រហែលជិត១០ យើងក៏ទៅកាន់ផ្ទះសំណាក់បែប​សហគមន៍​នៅទីនោះ​ដើម្បី​សម្រាក។

អាកាសធាតុពិតជាត្រជាក់មែននៅតំបន់អូសោមនេះ។

ថ្ងៃចន្ទទី​០៨ ខែវិច្ឆិកា ២០២៣ ( ពោធិសាត់ កោះកុង កំពង់សោម កំពង់ស្តឺ ភ្នំពេញ)

កាហ្វេវាលក្រពើ

ភាគច្រើននៃអ្នកធ្វើដំណើរមកវាលវែងសម្រាប់ការកំសាន្តនា គឺឆ្ពោះទៅកាន់កាហ្វេភ្នំ ភ្នំ១៥០០ ហើយ​មិន​សូវមានអ្នកមកកាន់អូសោមឡើយ។

DCIM\100GOPRO\GOPR1277.JPG

ពួកខ្ញុំបានភ្ញាក់ពីគេងម៉ោង៧ព្រឹក ដោយសារតែអាកាសធាតុ​ត្រជាក់ផង​និងចង់ស្រួត​ដំណើរមកភ្នំពេញ​ផង។បន្ទាប់ពីរៀបចំអីវែ អីវ៉ាន់រួចមក គឺក៏ឆ្លៀតជិះមកកាន់ស្ពានបាឡេវិញដើម្បីមើលទេសភាពពេល​ព្រឹកព្រលឹមនៅជុំវិញបឹង។ ខ្ញុំភ្លេចប្រាប់! បឹងមាត់ព្រះនៅអូសោមនេះ គឺជាឋានសួគ៌សម្រាប់​អ្នក​ដែលចូល​ចិត្តស្ទួច និងបបក់ត្រី។

ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង យើងនៅឃើញមានអ័ព្ទអណ្តែតពេញផ្ទៃបឹង។ទឹកសន្សើមនៅ​ទើរ​​ពេញ​ស្មៅ។ តំបន់ភ្នំក្រវាញនេះ​គឺជា​ជម្រក​​ដ៏​ពិសេសនៃសត្វក្រពើភ្នំ(សត្វដែលកម្រ និងជិត​ផុត    ពូជ​)។​

ពេលជិះកាត់ស្ពានខ្ញុំក៏ចាប់អារម្មណ៍ផ្លាក “កាហ្វេវាលក្រពើ”។

ផ្លូវជិះកាត់ទៅហាងកាហ្វេវាលក្រពើ គឺស្ថិតតាមបណ្តោយផ្លូវទៅកោះកុងដែរ(ផ្លូវរាងស្មុគស្មាញបន្តិច)។ ពួកយើងទៅដល់កាហ្វេវាលក្រពើប្រហែលម៉ោងជាង៨ ព្រឹកបានផឹកកាហ្វេម្នាក់មួយកែវ។ ការៀបចំ​ទីតាំង​របស់កាហ្វេមួយនេះគឺសាមញ្ញបែបតំបន់។ តែរសជាតិកាហ្វេឆ្ងាញ់។

DCIM\100GOPRO\GOPR1289.JPG

ហេតុអ្វីបានខ្ញុំលើកយកទីតាំងកាហ្វេនេះមកនិយាយ?

នេះគឺបទពិសោធន៍ចៃដន្យដែលខ្ញុំទទួលបាន និងព័ត៌មានមួយសំខាន់ៗមួយចំនួននៃតំបន់នេះតាមរយៈបងប្រុសម្ចាស់ហាងកាហ្វេមួយនេះ។

DCIM\100GOPRO\GOPR1305.JPG

ដំបូងខ្ញុំចូលផឹកកាហ្វេដូចធម្មតាតាមរបៀបអ្នកធ្វើដំណើរ និងក៏មិនបំនងសាកសួរព័ត៌មានអីច្រើនដែរដោយសារមើលទៅជាហាងកាហ្វេសាមញ្ញ មានអ្នកលក់ធម្មតាម្នាក់។ ប៉ុន្តែចៃដន្យបងប្រុសម្ចាស់ហាងកាហ្វេ និងម្ចាស់រមណីដ្ឋាន កាហ្វេវាលក្រពើ មកដល់អំឡុងពេលដែលខ្ញុំកំពុងផឹកកាហ្វេ។

គាត់បានស្វាគមន៍ខ្ញុំ “hey bro!” របៀបដូចអ្នកស្គាល់ពីមុន។ ប៉ុន្តែពួកយើងមិនដែលមាន​ទំនាក់ទំនង​ពីមុនទាល់តែសោះ។បន្ទាប់ពីសន្ទនាគ្នាបន្តិចអំពីដំណើររបស់ពួកយើង និងនិយាយអំពី​ម៉ូតូ(គាត់ជាអ្នក​ស្រលាញ់ម៉ូតូម្នាក់ដែរ) គាត់បានបង្ហាញពីទីតាំងជម្រកក្រពើភ្នំ វាលស្មៅ វាលស្រល់ ស្ទឹងពពក​និង​កន្លែង​​ស្នាកស្នាមនៃ​បព្វបុរសជនជាតិភាគតិច និងកន្លែងពិសេស​ជាច្រើនដែលខ្ញុំមិន​ដែលរំពឹ​ង​ថាមាន​នៅទីនោះ។ ដោយសារតែពេលវេលាមិនអំណោយផល យើងក៏ផ្អាកសន្ទនារបស់យើង និងបានផ្លាស់​ប្តូរលេខ​សម្រាប់ការ​កក់កន្លែងរបស់គាត់ដើម្បីលេងក្រោយនូវទីតាំងដែលគាត់បានបង្ហាញ។

គាត់ក៏បានឲ្យយើងសាកផ្លែ ក្រូចទ្រើង(ផាសិន)ដែលគាត់បានដាំនៅចំការរបស់​គាត់តំបន់​នោះផ​ង​ដែរ។ បើនិយាយពីរសជាតិវិញ គឺផ្អែមមុត លាយជូរតិចៗ។ ប៉ុន្តែឆ្ងាញ់ខ្លាំង។

គម្រោងរបស់ខ្ញុំអាចនឹងមកបោះតង់កន្លែងគាត់នាឆ្នាំក្រោយអំលុងខែវិច្ឆិការ – មករា ឆ្នាំក្រោយ។

ដំណាក់អ្នកក្លាហាន កន្លែងសំចតតា៩៧ និងឆាយប្រុយ

ដំណើរមកកាន់ខេត្តកោះកុងក៏បានបន្ត។ គោលបន្ទាប់មុននឹងដល់ខេត្តកោះកុង គឺយើងចូលឆាយ ប្រុយ។

DCIM\100GOPRO\GOPR1440.JPG

មុនទៅដល់ឆាយប្រុយនេះយើងបានជិះវង្វេងរង្វាន់ពេញហ្នឹង។ ផែនទីលើ Google អត់ដំណើរការ។ ដូចនេះមានតែជិះបណ្តើរប្រើ Google មាត់បណ្តើរដើម្បីសួររកឆាយប្រុយ។

អ្នកស្រុកថាជិះទៅមុខរហូតទៅគឺឃើញផ្ទះមានដើមក្រខុប និងដាច់តែឯង ហើយសរសេផ្លាកថា​”ផ្ទះតា៩៧” ផ្លូវចូលទៅឆាយប្រុយ គឺតាមបត់តាមនឹង។ ប៉ុន្តែផ្លូវទៅមុខដែលអ្នក​ស្រុកប្រាប់​នោះ​គឺ​មាន​​បត់ឆ្វេង បត់ស្តាំរហូត។ ជិះចុះជិះឡើងបានជួបបងប្រុសម្ចាស់​ហាងកាហ្វេវាលក្រពើ​។គាត់ក៏បានបង្ហាញផ្លូវរបស់យើង។

យើងក៏បានដល់ ”ផ្ទះតា៩៧” ប្រហែលម៉ោងជិត១១។ ផ្ទះគាត់មានកន្លែងគួរ​ឲ្យចាប់អារម្មណ៍​ដូចឆាយ​ប្រុយដែរ។ គាត់បានរៀបចំកំប៉ុងមីយ៉ាងច្រើននិងតម្រៀបជារូបប្រាសាទអង្គរវត្ត។កំប៉ុងមីទាំង​អស់ហ្នឹងគឺភាគច្រើនរបស់អ្នកដំណើរ ជាពិសេសក្រុមចូលចិត្តផ្សងព្រេងបានឈប់សម្រាក និងបរិភោគក្នុងបរិវេណផ្ទះគាត់។ នៅតាមធ្នើរផ្ទះរបស់គាត់ មានតែមជាច្រើន។ជាទូរទៅនៅពេល​ក្រុម​ម៉ូតូឫ​ក្រុមឡានណាមួយ​ដែលដល់កន្លែងគាត់តែងបិតតែមក្រុមរបស់ខ្លួននៅផ្ទះតា៩៧ហើយ។ កម្រមានអ្នកដំណើរណាមួយរំលងផ្ទះគាត់ណាស់។ នៅពេលដែលខ្ញុំទៅដល់ផ្ទះគា​ត់មានក្រុមម៉ូតូ២​ក្រុម រៀបនឹងចាកចេញ និងមាន១ក្រុមទៀតប្រហែល៤ម៉ូតូទើបមកដល់។ គាត់ជាមនុស្សម្នាក់​ដែលរួសរាយ។

តា៩៧ គឺជាអតីតកម្មកររបស់ក្រុមហ៊ុនទូរស័ព្ទ០៩៧ដែលមកតម្លើងអង់តែននៅតំបន់​នោះកាលពី​ជាង១០​ឆ្នាំមុន។នៅពេលដែលការងារចប់គាត់ក៏សម្រេចមិនចាកចេញទៅណាទៀតទេ។

ឆាយប្រុយនេះគឺជាកន្លែងទឹកធ្លាក់មួយស្អាត​ និងជាកន្លែងដែលគេធ្លាប់បំផ្ទុះថ្មយកទៅធ្វើផ្លូវ ធ្វើអីផ្សេងៗទៀតនៅតំបន់នោះ។

DCIM\100GOPRO\GOPR1390.JPG

ឆាយប្រុយនេះមានទឹកធ្លាក់មានទឹកធ្លាក់ដែលមានកំពស់ខ្ពស់ និងចំនាយពេលចុះរាងយូរ និងពិបាក​ដែរ​ដើម្បីបានមើលឃើញទិដ្ឋិភាពនេះ។ ដោយសារតែមិនសូវមានអ្នកទៅលេង លើកលែងតែអ្នក​ដំណើរ​ឆ្លងកាត់ឆៀងចូលលេងម្តងៗទើប មិនមានអ្នកណាឆ្កាផ្លូវសម្រាប់ចុះទៅទឹកធ្លាក់នោះ។ មួយវិញនៅជុំវិញមិននរណាក្រៅតែពីតា៩៧នោះទេ។

DCIM\100GOPRO\GOPR1362.JPG

ត្រលប់មកចូលលេងឆាយប្រុយនោះបន្តិច ពួកយើងក៏ត្រលប់មកវិញបរភោគអាហារថ្ងៃត្រង់ដែលមាន​នំប័ងដ៏រឹង​(សល់ជាង៤ថ្ងៃហើយ) ជាមួយត្រីខកំប៉ុង​ នៅផ្ទះតា៩៧។ បាយទឹករួចម៉ោង​ប្រហែលជាង១​រសៀល​ទៅហើយ។ យើងក៏បានធ្វើដំនើរបន្តទៅខេត្តកោះកុង។

DCIM\100GOPRO\GOPR1437.JPG

តំបន់ព្រៃក្រាស់តាមផ្លូវកោះកុង

តំបន់ជួរភ្នំក្រវាញ រវាងព្រំដែនខេត្តកោះកុងនេះគឺជាតំបន់ចម្រុះនៃធម្មជាតិតែម្តង។តាមខាងផ្លូវអម​ដោយព្រៃយ៉ាងក្រាស់ ម្តងម្តាលយើងបានជិះកាត់ស្ទឹង។

ទិដ្ឋិភាពនៃព្រៃក្រាស់ទាំងអស់នេះគឺខ្ញុំមិនបានឃើញពីមុនមកទេ។ បើទោះបីជាជិះម៉ូតូមែនតែ​កន្លែងខ្លះឡើងចំនោត ចោតខ្លាំង និងកន្លែងខ្លះទៀតចុះចំណោតចោតខ្លាំងដូចគ្នា ដែលទាមទា​ការ​ប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ។

អ្វីដែលខ្ញុំមិនដែលធ្លាប់មួយទៀតនោះគឺទំនប់វារីអគ្គីសនីស្ទឹងតាតៃ ចំនួន២ដ៏ធំៗ ដែលសាងសង់ដោយ​ក្រុមហ៊ុនចិន។ដោយសារតែពួកខ្ញុំជិះចំរដូវរំហើយដូចនេះបានបានទំនប់វារីអគ្គីមិនសូវមានទឹក។ ខ្ញុំពិតជាកោតសសើរការសាងទំនប់វារីអគ្គីសនីនេះមែន ប៉ុន្តែក៏ធ្លាប់មានរបាយការណ៍រិះគន់នៃការកាប់​បំផ្លាញ​ធម្មជាតិ​នៃទំនប់វារីអគ្គីសនីនេះផងដែរ។ ប៉ុន្តែនេះហៅថា Trade-off ដរាបយើងបានធ្វើការ​វាយតម្លៃ​ប៉ះពាល់ដល់បរិស្ថានបានសមស្រប។

DCIM\100GOPRO\GOPR1454.JPG

ពួកយើងបានជិះកាត់វាលស្រល់ដែលតំបន់នោះមានពយមួយដែលត្រូវបានគេប្រាប់ថាមាននៅសល់ភាជបុរាណ និងមានមើលឃើញពពកបានយ៉ាងស្រស់ស្អាត់។ ប៉ុន្តែខ្ញុំអត់មានពេលគ្រប់គ្រាន់​ដើម្បីឈាង​ចូលទេ។

នៅពេលជិតដល់ យើងយើងមើលឃើញខេត្តកោះកុង និងសមុទ្រពីលើកំពូលភ្នំ ស្ទឹងដ៏ធំអមព្រៃឈើ ជួរភ្នំក្រវាញដែលធំល្វឹងល្វើយ។ ទាំងអស់នេះខ្ញុំគិតថាវាគឺជាទ្រព្យសម្បត្តិធម្មជាតិដ៏មហាសាល និងជាភព្វសំណាងរបស់យើងដែលមានធនាធានដ៏សម្បូរបែបបែបនេះ។

DCIM\100GOPRO\GOPR1472.JPG

ខ្ញុំបានទៅដល់ខេត្តកោះកុងម៉ោងជាង៦ល្ងាចហើយ។ ហើយក៏សម្រេចឡើងមកភ្នំពេញវិញទាំងយប់ និងមកដល់ភ្នំពេញវេលាម៉ោង១២ពាក់កណ្តាលអធ្រាត្យ។ នៅពេលចូលដល់រាជធានីភ្នំពេញ​ខ្ញុំមានអារម្មណ៍​ខ្លួនឯងដូចស្វាទើបចូលក្រុង និងមើលការរៀបចំសឹងតែមិនចំណាំផ្លូវដោយសារតែផ្លូវ​ត្រូវបានអ៊ុតកៅស៊ូ និងគូសគំនួសចរាចរណ៍យ៉ាងស្អាត ភ្លើងភ្លឺព្រោង។ការរៀបចំទាំងអស់នេះមិនមែន​ជាការចៃដន្យទេ គឺដើម្បីទទួលគណប្រតិភូអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាព្រឹត្តិការណ៍​ប្រវតិ្តសាស្ត្ររបស់កម្ពុជា។

និយាយជារួមនៃការធ្វើដំណើររបស់ខ្ញុំប្រមាណជាង២៣០០គីឡូម៉ែត្រនេះ គឺខ្ញុំពិតជាទទួល​អារម្មណ៍ប្លែក និងបានមើលទិដ្ឋិភាពផ្សេងគ្នានៃការរស់របស់ប្រជាពលរដ្ឋ តំបន់ធម្មជាតិជាដើម។​បទពិសោធន៍នេះ គឺជាបទពិសោធន៍មិនអាចកាត់ថ្លៃបានលើកទី១របស់ខ្ញុំនៃការជិះម៉ូតូ​ផ្សងព្រេងចំងាយឆ្ងាយរបស់ខ្ញុំ។ តំបន់ដែលបានដក់ជាប់ក្នុងបេះដូងខ្ញុំជាងគេ គឺតំបន់អូសោម ផ្លូវទៅកាន់កោះកុងដែលយើងអាចមើលឃើញពីធម្មជាតិសម្បូរបែប និងវិសេសវិសាល​សម្រាប់​កម្ពុជា។ខ្ញុំសង្ឃឹមសម្បត្តិធម្មជាតិទាំងអស់នោះនឹងនៅស្ថិតស្ថេរជានិរន្តរ៍។

 ការធ្វើដំណើរផ្សងព្រេងរបស់ខ្ញុំលើកនេះប្រាកដជាមិនអាចកើតមានបានឡើយប្រសិនបើមិនមាន សុវឌ្ឍនា ដែលជាអ្នកចូលចិត្តជិះផ្សេងព្រេងបែបសូឡូទេនោះ៕

DCIM\100GOPRO\GOPR0737.JPG

បទពិសោធន៍នៃការជិះម៉ូតូតាមខេត្តបន្ទាត់ព្រំដែនជាង២៣០០គីឡូម៉ែត្រជុំវិញប្រទេសកម្ពុជា(វគ្គ២)

ថ្ងៃសុក្រទី​០៥ ខែវិច្ឆិកា ២០២២ ( រតនៈគិរី ស្ទឹងត្រែង)                  

នៅក្នុងគម្រោងសម្រាប់ថ្ងៃទី២ យើងទៅស្ទឺងត្រែង ប៉ុន្តែផ្លូវដែលត្រូវទៅគឺអេមហួស! ផ្លូវដែលត្រូវ​ទៅស្ទឹងត្រែងគឺតាមវ៉ឺនសៃ សៀមប៉ាង។

ងើបរៀបចំអីវ៉ែអីវ៉ាន់ ហើយម៉ោងប្រហែលជាង៨ រួចក៏ចេញមករកអីញាំពេលព្រឹក។បាយព្រឹកនៅរតនៈគឺរបស់ពួកខ្ញុំគឺបាយស្រូប និងកាហ្វេហ្វីនមួយកែវដើម្បីបន្តដំណើរ។

ដំណើររបស់យើងចេញបានលុងទៅខាងស្រុកអូយ៉ាដាវ។ បើសួរខ្ញុំថាមិចបានទៅហ្នឹង។ខ្ញុំក៏អត់ដឹង​ដែរប្រហែលគិត​សល់ពេលច្រើនសម្រាប់ជិះទៅស្ទឺងត្រែង។

យើងធ្វើដំណើរទៅស្រុកអូយ៉ាដាវតាមបណ្តោយផ្លូវជាតិលេខ៧៨។ ធ្វើដំនើរស្រុកភ្នំ អ្នកទាំងអស់គ្នា ផ្លូវមានឡើងមានចុះទេសភាពស្អាតប្លែកតាបណ្តាដងផ្លូវ។

យូរៗម្តងយើងបងប្អូនជនជាតិភាគតិចស្ពាយកាផាដើរតាមផ្លូវដោយមានបន្លែបន្លុកក្នុងកាផា។ប៉ុន្តែខ្ញុំក៏មិនដឹងថាពួកគាត់ធ្វើដំណើរទៅណាមកណាដែរ។

ពេលខ្លះក៏ឃើញបងប្អូនជនជាតិភាគតិចយើងដាក់លក់បន្លែបង្ការតិចតួចតាមដងផ្លូវ។អ្វីដែលខ្ញុំដឹងច្បាស់គឺមានចេកលក់។

ពេលជិះកាត់បរកែវ តំបន់ត្បូងមរកត ខ្ញុំមានអារម្មណ៍ធម្មតា ដោយសារតែឃើញរង្វង់មូលដាក់​រូបត្បូងមរកត។ ប៉ុន្តែតាមបណ្តាលដងផ្លូវអត់មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ។

ឫក៏នេះប្រហែលជាខ្ញុំជិះអត់មិនស្គាល់កន្លែងផងក៏ថាបាន។

បន្តដំណើរបន្តិចទៀតគឺដល់ស្រុកអូយ៉ាដាវម៉ោងប្រហែល៩ព្រឹក។

បើទោះបីនៅតំបន់អូយ៉ាដាវមិនសូវមានអ្នកទេសចរណ៍ទៅដល់ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានថាស្រុកនេះគឺជាស្រុកបុប្ផាលាក់ខ្លួន។

បុប្ផានៅទីនេះខ្ញុំមិនមែនសំដៅលើនារីនេះ។ខ្ញុំជិះលឿនពេក ក៏បានដោយមិន​បានចាប់អារម្មណ៍​លើនារីនៅតំបន់នោះទេ។

អ្វីដែលខ្ញុំចង់និយាយនៅទីនេះ គឺខ្ញុំសំដៅលើទិដ្ឋិភាពតាមដងផ្លូវនៅទីរួមស្រុកអូយ៉ាដាវតែម្តង។​

ទិដ្ឋិភាពដែលខ្ញុំនិយាយនេះគឺដើមឈើធំៗដែលត្រូវបានដាំ(ដើមឈើនេះមានអាយុកាលយ៉ាងហោចក៏ល្បាក់៥០ឆ្នាំដែរ)តាមបណ្តោយផ្លូវ ធ្វើឲ្យទីប្រជុំជននៃទីរួមស្រុកមួយនេះមានភាពទាក់ទាក់ មាន​សណ្តាប់​ធ្នាប់ មានម្លប់ត្រឈឹងត្រឈៃ។

សំខាន់នៅស្រុកភ្នំ និងកៀកព្រំដែនវៀតណាមហើយមានដាំដើមឈើមានដើមឈើធំៗសងខាងផ្លូវ បើប្រៀបធៀបទៅទីតាំងផ្សេងៗដែលខ្ញុំជិះកាត់គឺមានការរៀបចំស្រដៀងគ្នាឡើយ។ អ្វីដែលធ្វើឲ្យខ្ញុំ​នឹកឃើញគឺផ្លូក្រមួនស នៅភ្នំពេញដែលមានដាំដើមគគីធំៗ​ហើយខ្ញុំគិតថាអាយុដើមឈើ​នៅលើផ្លូវ​ក្រមួនស និងអាយុដើមឈើដែលដាំនៅអមមាត់​ផ្លុវនៃទីប្រជុំជនស្រុកអូយ៉ាដាវ គឺមានអាយុ​ប្រហាក់​ប្រហែលគ្នា។

ចេញអូយ៉ាដាវ ពួកខ្ញុំក៏បន្តដំនើរទៅបន្តិចទៀតប្រមាណ១០គីឡូម៉ែត្រគឺប៉ក់ញ៉ែ។ តំបន់ប៉ក់ញ៉ែ​គឺយើងគ្រាន់​តែជិះកាត់តែប៉ុននោះ។ នៅតំបន់ប៉ក់ញែពេលជីះកាត់ យើងនឹងមើលឃើញបឹង ដ៏ស្រស់ស្អាតមួយផងដែរ។​ ខ្ញុំអត់បានឈប់ចូលបឹងនោះទេ​ដោយសារ​តាមអត់ឃើញមានផ្លូវចូល។

DCIM\100GOPRO\GOPR0697.JPG

ហួសទៅមុខបន្តិចពីតំបន់ប៉ក់ញែប្រមាណ៧គីឡូម៉ែត្រ មុននឹងដល់ច្រកព្រំដែនយើង យើងឃើញ​មានតំបន់សេដ្ឋកិច្ចពិសេសទ្រីភាព ដែលមានចម្ងាយត្រឹមតែប៉ុន្មានគីឡូពីច្រកព្រំដែន (ចាំលម្អីត)។

ពេលដល់ច្រកព្រំដែនយើងក៏ឃើញប៉ុស្ត៍នគរបាលប្រចាំច្រក។បន្ទាប់ពីថតរូបបានបន្តិច យើងក៏ចេញ​ដំណើរត្រលប់មកក្រុងបានលុងវិញ។ និងឈានដចូលមើលបឹងយក្យលោម។

យើងធ្វើដំនើរមកវិញមកបឹងយក្សលោមម៉ោងប្រមាណ១១ព្រឹកជាង។

តំបន់បឹងយក្សលោមមានការរៀបចំមានសណ្ឋាប់ធ្នាប់ល្អ មានខ្ចូសលក់ម្ហូបអាហារច្រើនរបស់​បងប្អូនជនជាតិ ដូចជាចេកអត់ត្រយោងស្ងោរ ផ្លែក្រូចទ្រឿង កាហ្វេ សម្លៀកបំពាក់ក្រមារ ឃ្មុំ ទឹកឃ្មុំ ។ល។

ពេលចុះដល់ក្រោមមានបងប្អូនជាតិភាគតិចគាត់មានខ្ចួសដើម្បីឲ្យអ្នកដំនើរអាចសម្រាក និងបរិភោគ​ម្ហូបៗអាហារផ្សេងៗបាន។ អ្វីដែលបងប្អូនជនជាតិភាគតិចគាត់​ផ្តល់យោបល់ដែល​គួរឲ្យសាក​នោះគឺ​សម្ល​ប្រូង។ ប៉ុន្តែខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំអត់បានសាកដោយសារតែយើងស្រូតចេញដំនើរ។

ប្រសិនបើមានពេលគ្រប់គ្រាន់យើងអាចដើរមើលបានជុំវិញបឹង និងមានសារមន្ទីរបងប្អូនជន​ជាតិភាគតិចផងដែរ។

ពេលចេញមកវិញ ខ្ញុំក៏ទិញឃ្មុំអាំង(របស់ពិសេស) និងមកអង្គុយញាំនៅតូបកាហ្វេមួយនៅ​ក្បែរកន្លែង ចតម៉ូតូ។

សំខាន់អ្នកលក់កាហ្វេស្អាត(សើច)។

ដាច់ចិត្តចេញពីអ្នកលក់កាហ្វេស្អាត ពួកយើងធ្វើដំណើរបន្តមកក្រុងបានលុងវិញ នឹងបន្តដំណើរ​ទៅស្រុក​វ៉ើនសៃ និងឈានទៅដល់សៀមប៉ាងដើម្បីដល់ខេត្តរតនៈគិរី។

DCIM\100GOPRO\GOPR0741.JPG

យើងបន្តដំណើរពីបានលុងទៅវ៉ឹនសៃចំងាយជាង៤៥គីឡូម៉ែត្រតាមបណ្តោយផ្លូវលេខ៧៨A កាត់ស្រុកអូរជ្រុំ។ យើងជិះបានផ្លូវកៅស៊ូពាក់កណ្តាល និង ពាក់កណ្តាលទៀត​គឺជាផ្លូវគ្រួស​ក្រហមដែល​កំពុងធ្វើ។

ពេលជិះកាត់ផ្លូវគ្រួសក្រហមមានអារម្មណ៍គឺហុយរហូតសឹងតែពីកន្លែងចាប់ផ្តើមចូលដីក្រហមរហូតដល់កំពង់ចម្លងវ៉ឹនសៃ សៀមប៉ាង គឺហ៊ុយរហូត សឹងតែពេលខ្លះហ៊ុយរហូតដល់ថ្នាក់មើលផ្លូវអត់ឃើញ ពិសេសនៅពេលដែលមានឡានបើកនាំមុខម្តងៗ។គឺយើងធ្វើយ៉ាងណាព្យាយាមអោយបាននៅមុខឡាន។

នៅពេលដែលជិះកាត់តំបន់ដីក្រហមនេះខ្ញុំចេះតែនិយាយលួងខ្លួនឯងថាពេលជិះដាក់ដីក្រហមចឹងគឺយើងកំពុងពង្រឹងប្រព័ន្ធភាពសាំក្នុងខ្លួន ជាពិសេសសួតរបស់យើងតែម្តង។

ក្រៅពីរឿងដីហុយ រឿងដែលជួបប្រទះ គឺខ្ញុំដែលដែលមានបទពិសោធន៍ជិះម៉ូតូធំ​លើគ្រួសក្រហម​សម្រាប់ផ្លូវឡើងនិងចុះភ្នំនោះទេ។ គ្រាន់តែជិះចូលដីក្រហមភ្លាម មានអារម្មណ៍កង់​ក្រោយម៉ូតូរ៉េ រាងរអិលដោយសារគ្រួសក្រហម។ ពេលជិះព្រលឹងចុងសក់រហូត។ជាពិសេសអោយតែពេលចាប់ប្រហ្វាំងដឹងតែគ្រវីចង្កូត និងគ្រវីកង់ក្រោយ។

អ្វីគួរឲ្យព្រឺព្រួចគឺពេលជិះចុះពីលើភ្នំក្នុងល្បឿនរាងលឿនគួរសម វ៉ាក់អឺផ្លូវកោង ខំព្យាយាម​អម​ហ្វ្រាំងផង អាំប្រឺយ៉ាផង ពោលគឺចង្កូតមុខគ្រវី អូសរហូត។ ផ្លូវកោងចុះភ្នំនោះអត់ មានរបាំងអី​ការពារបើហ៊ានតែជ្រុលបន្តិចទៀតទាំងខ្ញុំ និងម៉ូតូខ្ញុំដឹងតែជ្រុលចូល ជ្រោះហើយអ្នកទាំងអស់គ្នា។

និយាយទៅបុណ្យនៅមាន និងបានគុណបុណ្យជួយ។

បន្ទាប់ពីប្រាប់ពីហេតុការណ៍ទៅមិត្តភក្តខ្ញុំ រួច គាត់ក៏បានចែករំលែកបច្ចេកទេសមួយចំនួន​នៃការជិះនេះ។

យើងទៅដល់វ៉ឺនសៃម៉ោងប្រហែលជាង១រសៀលទៅហើយ។

ទៅដល់វ៉ឺនសៃ គឺមានកំពង់ចម្លងវ៉ើនសៃ ឆ្លងកាត់ទន្លេសាន។ កំពង់ចម្លងនេះមមារញឹកដែរ។

DCIM\100GOPRO\GOPR0770.JPG

កំពង់ចម្លងនេះមានទូកធំមួយសម្រាប់ចម្លងទៅចម្លងមក។

គោលបំណងនៃការឆ្លងកំពង់នេះគឺដើម្បីបន្តដំណើរពីវ៉ឺនសៃខេត្តរតនៈគិរីទៅសៀមប៉ាងខេត្តស្ទឺងត្រែង។

ផ្លូវដែលខ្ញុំត្រូវជិះពីវ៉ឹនសៃទៅសៀមប៉ាងគឺតាមបណ្តោយផ្លូវលេខ៣០១ ដែលនៅក្នុងផែនទីរបស់ google ma​p​បង្ហាញជាផ្លូវធំល្មមដែលអាចជិះបានឆ្លងកាត់ទៅស្រុកសៀមប៉ាង តាមកំពង់ចម្លង​ឆ្លងកាត់​ទន្លេកុង។

DCIM\100GOPRO\GOPR0777.JPG

គ្រាន់ឆ្លងកំពង់ចម្លងវ៉ើសៃម៉ោងប្រមាណជា១រសៀលទៅហើយ។

ពួកខ្ញុំក៏សម្រាកបន្តិចដើម្បីបន្តដំនើរ។

យើងជិះកាត់ផ្លូវលំក្រាលគ្រួសក្រហមនៃផ្លូវ៣០១រហូតប្រមាណជាង១ម៉ោងពួកខ្ញុំទៅដល់ប៉ាន់កាឡាន់។ផ្លូវនេះជិះកាត់ព្រៃគួរសមដែរ។

បើជិះពេលយប់ដឹងតែស្រៀវឆ្អឹងខ្នងហើយអ្នកទាំងអស់គ្នា។ដោយសារផ្លូវទោះបីជាជិះកាត់ចម្ការអ្នកស្រុក កន្លែងខ្លះស្ងាត់ព្រៃរាងស្តុកដែលមើលទៅគួឲ្យស្រៀវ។

ម៉ោងប្រមានជិត២ទៅដល់សាលាបឋមសិក្សាប៉ាន់កែ(តំបន់នេះកម្រមានអ្នកដំណើរឆ្លងកាត់ទៅដល់ណាស់)។ពួកខ្ញុំឈប់សម្រាប់បន្តិចដើម្បីសួរនាំផ្លូវទៅកាន់ស្រុកសៀមប៉ាង។

DCIM\100GOPRO\GOPR0830.JPG

ពួកគាត់ថាឲ្យពួកខ្ញុំជីះកាត់តាមផ្លូវធំនេះរហូតទៅដឹងតែដល់ហើយ។

អ្នកទាំង!ពួកខ្ញុំនៅអារម្មណ៍ល្អនៅឡើយដោយសារតែគោលដៅទៅសៀមប៉ាងរបស់យើងទៅដោយរលូនមានផ្លូវដូចបានបង្ហាញ។

ជិះទៅមុខបានប្រហែល៣០នាទីពួកខ្ញុំទាល់តម្រឹះតែម្តង ដែលផ្លុវក្នុងផែនទីបង្ហាញផ្សេង ផ្លូវជាក់ស្តែង​បង្ហាញផ្សេង។ 

ពេលដល់ផ្លូវបំបែកជា៤ ផ្លូវមិនសមជាផ្លូវ ដែលគ្មានស្នាមអ្នកដំណើរឆ្លងកាត់ប្រៀប​ដូចផ្លូវរទេះ​គោបន្តិច អីបន្តិច! សំខាន់គឺផ្លូវដែលគេបោះបង់ចោល។

ពេលនោះខ្ញុំ និងមិត្តភក្តិខ្ញុំរាងស្រឡាំងកាំង!​មិត្តខ្ញុំក៏សម្រេចចិត្តថាបន្តដំនើរទៅមុខទៀតដោយ​សារក្នុង​ផែនទីបង្ហាញ​ផ្លូវត្រូវហើយ។

ពួកខ្ញុំក៏បត់ស្តាំដែលផ្លូវសុទ្ធភក់ មិនស្នាមអ្វីឡើយ។

សំណាងល្អមានអ្នកភូមិម្នាក់គាត់ឆ្លងកាត់។ ខ្ញុំសួរនាំគាត់ថាផ្លូវណាគឺជាផ្លូវធំឆ្លងកាត់ទៅសៀមប៉ាង។ គាត់ផ្លូវហ្នឹងហើយ គឺជាផ្លូវធំ។

ពួកខ្ញុំសួរបញ្ជាក់គាត់ម្តងហើយម្តងទៀត គាត់នៅតែអះអាងដូច្នេះ។

ពួកខ្ញុំក៏សម្រេចទៅតាមផ្លូវដែលបានបង្ហាញ។

គ្រាន់តែបត់ចូលតាមផ្លូវហ្នឹងភ្លាម ម៉ូតូនាំមុខរបស់មិត្តភក្តិខ្ញុំបានធ្លាក់ជង្ហុកភក់កប់សឹងកណ្តាលម៉ូតូ។

រាងអស់សង្ឃឹមរាងខ្លួនបន្តិច និងអន់ចិត្តបន្តិចអំពីផ្លូវ។

ពួកយើងចាប់ផ្តើមប្រផះប្រភីងលើកម៉ូតូយ៉ាងមេចអោយចេញពីភក់ និងត្រលប់ទៅផ្លូវបំបែកវិញ។

ពួកយើងចំនាយពេលជិត២០នាទីដើម្បីលើកម៉ូតូចេញ។ ម្នាក់ៗរាងអស់កម្លាំងពីខ្លួនដោយសារដំណើរដំណើរវែងឆ្ងាយនៃថ្ងៃទី២។

ម៉ូតូត្រូវបានលើកចេញពីភក់។ ចំណែកម្ចាស់ម៉ូតូឡើងស្រម៉កហើយដោយសារភក់។អ្វីដែលកំសត់គឺអត់មានទឹកលាងភក់ចេញទេ។

យើងក៏សម្រេចជិះផ្លូវវៀងបន្តិចដើម្បីគេផុត។

ផ្លូវដែលត្រូវជិះទៅសៀមប៉ាង គឺជិះកាត់ចំការ ព្រៃ ដោយឥតមានផ្លុវត្រឹមត្រូវទេ។ គឹផ្លូវស្នាមគោយន្ត។

មានដង្គត់ឈើ ជង្ហុក ភក់ ស្មៅ។

ពួកយើងព្យាយាមរុកព្រៃប្រហែលជិត១ម៉ោង។ គឺម៉ោងប្រហែល៣ជាង។

ម៉ូតូដែលពួកយើងជិះគឺប្រភេទ Royal Enfield Intercept650 cc ជាប្រភេទកូនកាត់ Cross​ Country បន្តិច City Rideបន្តិច មានទំងន់ធ្ងន់រហូតជិត២០០គីឡូក្រាម។ ប៉ុន្តែមិនមែនប្រភេទ Off-road នោះទេ។

ផ្លូវដែលយើងជិះទៅសៀមប៉ាងគឺអត់មានផ្លូវទេ គឺជីះកាត់ព្រៃសុទ្ធ តាមគន្លងគោយន្ត។

យើងព្យាយាមជិះបានមួយម៉ោង។

ប៉ុន្តែដោយសារតែរាងខើចម៉ោងផង មិនឃើញមានពន្លឺផ្លូវធំផង ហើយម៉ូតូមិនមានអំណោយ​ផលសម្រាប់​ផ្លូវផង ​ពួកយើងក៏សម្រាប់បកក្រោយមកសាលាបឋមសិក្សាប៉ានកែវិញដើម្បីសួរអ្នកភូមិ។

គ្រាន់តែបកមកវិញម៉ូតូមិត្តិភក្តិខ្ញុំជិះជាប់ផុងបីដង ដោយសារតែសំបកម៉ូតូ ម៉ោងក៏ខើចនៅ​កណ្តាលព្រៃអត់ស្គាល់ផ្លូវ អត់មានផ្លូវ អត់មានតម្រុយភូមិខាងមុខ។

ផ្លូវនេះសាកសាមបំផុតនៅពេលដែលយើងមានម៉ូតូប្រភេទម៉ូតូ Off Road និងមានពេលវេលា គ្រប់គ្រាន់។

ចំងាយផ្លូវប្រហែលជិត៣០គីឡូម៉ែត្រទៀតគឺដល់សៀមប៉ាងតែម្តង។ សម្រាប់ដំណើរ​លើកក្រោយ​យើងមាន​គម្រោងធ្វើយ៉ាងមិចជិះកាត់ផ្លូវហ្នឹងអោយបាន។

ពួកយើងសម្រេចត្រលប់ក្រោយទៅបានលុងវិញដើម្បីបន្តដំណើរទៅដល់ស្ទឹងត្រែង។ពេលត្រលប់ក្រោយគឺត្រូវឆ្លងសាឡាង និងជិះកាត់តំបន់ដីក្រហមប៉ូវសួតវិញ។

យើងជិះដល់ក្រុងបានលុងខេត្តរតនៈគីរីវិញម៉ោងប្រហែល៦ល្ងាច។

ពេលដល់ក្រុងបានលុងវិញ យើងក៏ចាក់សាំងមួយពេញដើម្បីបន្តដំណើរទៅខេត្តស្ទឺងត្រែង។

ផ្លូវពីបានលុងទៅស្ទឺងត្រែង យើងធ្វើដំណើរតាមផ្លូវជាតិលេខ៧៨ រួចបត់ស្តាំងនៅអូពងមាន់​ទៅតាមផ្លូវជាតិ​លេខ៧លើចម្ងាយផ្លូវ១៣៨គីឡូម៉ែត្រ។

ជីះពេលយប់តាមផ្លូវជាតិលេខ៧៨ពីបានលុងដល់អូពង ពិតជាបទពិសោធន៍មួយរាងព្រឺៗដែរ។

ជិះកាត់ព្រៃចូលវាល ក្រោមខែភ្លឺយើងអាចឃើញស្រមោលៗនៃដើមឈើ ទីវាល ផ្លូវ។ នៅពេលពួកខ្ញុំផ្លូវគឺស្ងាត់មែនទែន យូរៗឃើញឡានបើកកាត់មួយ។

អ្វីដែលចៃដន្យគឺនៅពេលដែលជិះផ្លូវស្ងាត់ មានឡានពេទ្យបើកតាមពីក្រោយ​រួចក៏ជែងម៉ូតូ​ពួកខ្ញុំ​ទៅមុន។

បន្ទាប់ពីជែងមួយសន្ទុះរួចមក ពួកខ្ញុំជិះទៅមុខ ឃើញភ្លើងហ្វាពីចម្ងាយដល់ពេល​ជីះដល់ជិត​គឺឃើញឡាន​​ពេទ្យដែលជិះកាត់ម៉ូតូខ្ញុំបើកគូទក្រោយ ហាក់ដូចលើកអ្វីម្យ៉ាងដាក់ឡាន។

ខ្ញុំក៏ឃើញមិនច្បាស់ដែរ។

ពួកខ្ញុំជិះហួសឡានពេទ្យមួយសន្ទុះធំ។

ប្រហែល១៥នាទីក្រោយឡានពេទ្យដដែលក៏ជិះកាត់ជែងពួកបន្តទៀត។ យើងក៏មិនដឹងថាគោលដៅ​ឡាន​ពេទ្យចេញពីណាទៅណាដែរ។

សម្រាប់ខ្ញុំគ្រាន់ឃើញអញ្ចឹង ជិះលើផ្លូវអត់សូវមានផ្ទះអ្នកភូមិ អមដោយស្មៅ​ខ្ពស់ៗ​នោះ​ខ្ញុំក៏ចាប់ផ្តើម​មាន​មានស្រៀវខ្លួនបន្តិច។

គ្រាន់តែឡានពេទ្យជិះផុតបានរំលងមួយសន្ទុះធំ ខ្ញុំក៏ចាប់ផ្តើមធំក្រអូបម្ស៉ៅផេសាត់មួយសន្ទុះ។ អ្វីដែលចម្លែក គឺផ្លូវស្ងាត់ អត់មានមនុស្ស អត់មានផ្ទះអ្នកភូមិនៅជិតហ្នឹង សំខាន់ផ្លូវហ្នឹងជិះតែខ្ញុំពីរអ្នក នឹងមានឡានពេទ្យដែលជែងខ្ញុំទៅមុនមួយសន្ទុះ។

ខ្ញុំឆ្ងល់ហេតុអ្វីជិះសុខៗធំក្លិនក្រអូបម្ស៉ៅផេសាត់។ បន្ទាប់ពីធំក្លិនរួចខ្ញុំចេះស្រៀវ និងព្រឺខ្លួន។ តែអត់មានអារម្មណ៍ថាខ្លាចទេ។ ប៉ុន្តែចេះតែឆ្ងល់។

អរគុណដែលមកលេង អត់ឲ្យខ្លាច។

ពួកខ្ញុំក៏ធ្វើដំណើរដល់ខេត្តស្ទឹងត្រែងដោយសុវត្ថិភាព វេលាម៉ោងជាង៩យប់។​នៅស្ទឹងត្រែង​ពួកខ្ញុំស្នាក់​នៅសណ្ឋាគារ Four Rivers។

ដេកមួយយប់នៅឆ្ងល់ថាក្លិនហ្នឹងមកពីណា ឫមានអ្នកមកលេងតាមផ្លូវ។

ថ្ងៃសៅរ៍ទី​០៦ ខែវិច្ឆិកា ២០២២ ( ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ)

ភ្ញាក់ឡើងម៉ោង៧ព្រឹក រាងស្រឡះដែរដោយសារនៅជាន់ទី៧ អាចមើលទេសភាពនៃក្រុងស្ទឹងត្រែង បានទូលាយ។

ប៉ុន្តែពេលយកកាបូប អីវ៉ានអីចុះក្រោមគឺ តាមជណ្តើរជើងដោយសារចាំជណ្តើរយន្តរាងយូរ។ ចាត់ទុកជាការហាត់ប្រាណ។

ពេលចុះដល់ក្រោមចៃដន្យជួបក្រុមជីះម៉ូតូប្រភេទ Royal Enfield ដែលមានគ្នាពីរនាក់ដូច​ពួកខ្ញុំដែរ​។​ពួកគាត់ជីះHimalyan and Classic 500​។ ពួកយើងសួរនាំគ្នាបន្តិចបន្តួច ក៏រៀបចំចេញដំណើររៀងខ្លួន។

ក្រុមពួកគាត់ចេញដំណើរទៅឡាវ ពួកខ្ញុំចេញដំណើរទៅព្រះវិហារ។ ខេត្តព្រះវិហារជា​ខេត្តគោល​ដៅ​បញ្ចប់​នៃថ្ងៃទី​៣របស់ពួកខ្ញុំ។

មុនចេញដំណើរ អ៊ីម្ចាស់សណ្ឋាគារចិត្តល្អ​ឲ្យទឹកពួកខ្ញុំបាញ់លាងម៉ូតូឲ្យគ្រាន់ស្អាត​បន្តិច​។​តាំងពីជាប់​ផុង​ និងដួលនៅប៉ានកែរួចមកពួកខ្ញុំអត់មានទឹកលាងម៉ូតូលេង។ ដីជាប់ឡើងកកហើយ។

បន្ទាប់មកក៏សួរគាត់ថាខេត្តស្ទឹងត្រែងមានកន្លែងអីញាំអាហារពេលព្រឹកឆ្ងាញ់។

គាត់ក៏ប្រាប់ទៅសាកគុយទាវឡាវ។

DCIM\100GOPRO\GOPR0902.JPG

បន្ទាប់ពីលាងម៉ូតូពួកខ្ញុំក៏សម្រេចថាទៅគុយទាវតាមអ្វីដែលគាត់ប្រាប់។ ពេលទៅដល់ហាងគុយទាវ មនុស្សច្រើនកកកុញរួចបាត់ទៅហើយ។

ពួកខ្ញុំក៏ចតម៉ូតូរកកន្លែងអង្គុយខ្លួនឯង។ គុយទាវឡាវលក់ដាច់មែនទែន មនុស្សសុខចិត្តចិត្តអង្គុយចាំ។

ពួកខ្ញុំអង្គុយចាំប្រមាណជិត១៥នាទីបានមានអ្នកមកសួរកុម្មង់អីញាំ។ពួកខ្ញុំសម្រេចហៅដូចគ្នា គឺគុយទាវឡាវពិសេស(សាច់គ្រប់មុខ)។

បន្ទាប់អ្នករត់ទុកយកបន្លែពីចានដែលក្នុងនោះមានស្ពៃក្តោប សណ្តែកកួរ និងជីនាងវង និងកាពិមួយ​ចាន។

ដោយសារតែចាំគុយទាវជិតកន្លះម៉ោង ខ្ញុំក៏ហួបបន្លែគេជាមួយកាពិសិន។រសជាតិឆ្ងាញ់ផស់គេ។

DCIM\100GOPRO\GOPR0907.JPG

កន្លះម៉ោងក្រោយគុយមកដល់។ ខ្ញុំអត់ដឹងគួរតែលាយគ្រឿងជាមួយបន្លែ និងការពីយ៉ាងមិចទេ។ គឺខ្ញុំថែមតែស្ក និងម្រេចជាការស្រេចរួចចាត់ការតែម្តង។ ​

រសជាតិគុយទាវរាងប្លែក ប៉ុន្តែឆ្ងាញ់សម្រាប់ខ្ញុំ ដោយសារខ្ញុំជាមួយម្នាក់ចូលចិត្ត គុយទាវ។ គុយទាវពិសេសនោះមានសាច់ជ្រូក គ្រឿងក្នុងជ្រូក ប្រហិតបាក់សៀក ប្រហិតសាច់គោ សាច់គោ និងសាច់មាន់។ នេះលើកទីមួយដែលខ្ញុំឃើញមានសាច់មាន់ក្នុងគុយទាវ។ តម្លៃវិញក៏គួរសម។

ហៅគុយទាវអង្គុយចាំជាងកន្លះ ប៉ុន្តែហៅគិតលុយលឿនណាស់អ្នកទាំងអស់គ្នា។

យ៉ាងណាប្រសិនបើអ្នកទាំងអស់បានមកដល់ស្ទឺងត្រែងហើយគួរតែសាកគុយឡាវនេះ។

បន្ទាប់ពីគុយទាវរួចរាល់យើងបន្តដំណើរទៅតំបន់អេកូទេសចរណ៍ព្រះរំកិលដែលមានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រ។

ចំនាយពេលជិត២ម៉ោង។ ពួកយើងទៅដល់តំបន់តំបន់អេកូទេសចរណ៍ព្រះរំកិលម៉ោងប្រមាណជាង​១១ព្រឹក​ទៅហើយ។

ពេលទៅដល់អ្វីដែលយើងឃើញ គឺកោះនានាដែលនៅព័ទ្ធជុំវិញ និងទំនប់វារីអគ្គីសនីដូនសាហុងរបស់​ប្រទេសឡាវ។

តំបន់អេកូទេសចរណ៍ព្រះរំកិលកាលពីអំឡុងមុនឆ្នាំ២០១២ ត្រូវបានប្រជាជនក្នុងសហគមន៍​អះអាងគឺជាអន្លង់ផ្សោត(អន្លង់ឈើទាល)​មួយដែលទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី។

ប៉ុន្តែចាប់ទំនប់វារីអគ្គីសនីដូនសាហុងរបស់ប្រទេសសាងសង់ បានធ្វើឲ្យសត្វផ្សោតក្នុងអន្លង់ ឈើទាលនៃតំបន់ព្រះរំកិលនេះបានបាត់បង់រហូតដល់សព្វថ្ងៃ។ ពេលគឺលែងមានសត្វផ្សោត​ដែលចំនុច​ទាក់ទាញដ៏សំខាន់បំផុត។

សង្វេគ! នៅពេលចូលដល់ច្រកចូលនៃតំបន់ទេសចរណ៍ព្រះរំកិលនេះ យើងឃើញមានផ្ទាំង​ប៉ាណូដែល​បង្ហាញ​ពីរូបការអភិរក្សសត្វផ្សោត​ ខណៈដែលសត្វមួយនេះក្នុងអន្លង់ឈើទាល​នៃទន្លេមេគង្គ​លែងមានវត្តមានទៀតហើយ។

ទំនប់វារីអគ្គីសនីដូនសាហុងនៃប្រទេសឡាវនេះ យើងអាចមើលឃើញបានយ៉ាងច្បាស់ពីតំបន់​អន្លង់ឈើទាលនេះ។

បើទោះបីជាតំបន់នេះលែងមានសត្វផ្សោត ប៉ុន្តែទេសចរណ៍អាចមកតំបន់នេះជាលក្ខណៈ Homestay បែបសហគមន៍ បោះតង់បាននៅតាមបណ្តាកោះជិតតំបន់ដែលមានដូចជាកោះល្ងរជាងដើម។

សម្រាប់អ្នកដែលចូលចិត្តផ្សងអាចដឹកម៉ូតូឆ្លងកាត់តំបន់នេះ រួចឆ្លងទៅសៀមប៉ាង និងអាចរុក រកផ្លូវពីសៀមប៉ាង ទៅវ៉ឺនសៃដែលជាផ្លូវមួយសាកសមបំផុតសម្រាប់ប្រភេទម៉ូតូ Off-road។

អ្នកទាំងគ្នាបន្ទាប់ពីខ្ញុំបរិភោគបាយថ្ងៃត្រង់រួចជាមួយនឹងស្ងោរជ្រក់ត្រីក្អែក និងស្រាបៀរ Lao រួចយើង បន្តដំនើរនៅម៉ោងជាង១២ទៅកាន់ទឹកជ្រោះសុភមិត្រដែលនៅក្បែរគ្នា។

មកដល់ខេត្តស្ទឺងត្រែងហើយ ប្រសិនបើមិនបានបរិភោគត្រីស្រស់ៗនៃទន្លេមេគង្គ​ហាក់បីដូចជា​មិនបានមកខេត្តនេះអញ្ចឹង។

DCIM\100GOPRO\GOPR0935.JPG

នៅតំបន់ទឹកជ្រោះសុភមិត្រនេះយើងបានមើលដុំថ្មធំៗដែលទឹកទន្លេមេគង្គឆ្លងកាត់។ មើលទៅឃើញ​ផ្ទៃនៃទឹកជ្រោះនេះ និងកម្លាំងហូរបានធ្វើអោយខ្ញុំរាងស្ញើបតំបន់នេះ។ គោលបំណងរបស់របស់ខ្ញុំបាន​សម្រេចដោយសារតែក្នុងដំណើរកំសាន្តរបស់មានគោលដៅកន្លែងមួយនេះ។

DCIM\100GOPRO\GOPR0973.JPG

យើងចេញពីទឹកជ្រោះសុភមិត្រនេះនៅម៉ោង១រូចបន្តដំណើរទៅភូមិស្រឡៅដែលភូមិស្ថិតនៅតាមដងទន្លេងមេគង្គនេះ ស្របបន្ទាត់ព្រំដែនកម្ពុជាឡាវ។

ភូមិស្រឡៅមានទេសម៉្យាង។ ម្យ៉ាងដែលខ្ញុំនិយាយនៅទីនេះគឺមើលឃើញជីវភាពប្រជាជន​រាងគ្រាន់​បើមាន​ប្រកបមុខរបរសមរម្យ ផ្លូវគមាគមន៍អីគឺមានកន្លែងខ្លះចាក់ប៉េតុង និងកន្លែងខ្លះគ្រួសក្រហម។ ផ្លូវក្នុងភូមិភាគច្រើនគឺកៀកនឹងមាត់ទន្លេតែម្តង។

ខ្ញុំក៏បន្តដំណើរពីស្រឡៅទៅស្រុកជាំក្សាន្តព្រះវិហារតាមបណ្តោយផ្លូវលេខ ដែលត្រូវជិះ​កាត់តំបន់អភិរក្ស​ព្រៃឈើប៉ុន្តែខ្ញុំអត់ចាំឈ្មោះ។ផ្លូវពីកំពង់ស្រឡៅដល់តំបន់ក្បាលដំរី គឺជាផ្លូវលំក្រាល​គ្រួសក្រហមរហូត។ រហូតដល់តំបន់ក្បាលដំរីបានមានផ្លូវកៅស៊ូ។

DCIM\100GOPRO\GOPR1075.JPG

មកដល់ជាំក្សាន្តម៉ោងប្រមាណ៦គត់ល្ងាច។ ពួកខ្ញុំក៏សម្រេចថាអត់ឈប់​ត្រឹមហ្នឹងទេ​ពួកយើង​សម្រេចចេញទៅដល់ស្វាយស៊ីសុផុនខេត្តបន្ទាយមានជ័យទាំងយប់​លើចំងាយផ្លូវ​ប្រមាណ​២៩៣​គីឡូម៉ែត្រ។

ចេញពីព្រះវិហារមកដល់ឧត្តរមានជ័យមានភ្លៀងរប៉េះរប៉ោះ កន្លែងខ្លះគ្រាន់តែរលឹម និងកន្លែងខ្លះទៀត​ភ្លៀងខ្លាំង។ កៅស៊ូភ្លៀងក៏ជ្រុះបាត់។ សំខាន់ទិញថង់ធំពីតូបតាមផ្លូវ ស្គុតមួយដុំ។កាបូបដាក់អីវ៉ាន និងថ្នាំពេទ្យខ្ចប់ក្នុងថង់ធំរួច បិតស្គុត និងចងកៅស៊ូ​ ដូចធម្មតា។

ពួកយើងដល់ខេត្តបន្ទាយមានម៉ោង១២យប់ និងសម្រាក់នៅទីនេះ។ផ្លូវពីជាំក្សាន្ត​មកកាន់បន្ទាយ​មានជ័យស្រួលជិតមែនទែន។ ផ្លូវគឺផ្លូវក្រាលកៅស៊ូរហូត។ ការជិះពេលយប់​ផងក៏មានអារម្មណ៍​ថា​មានសុវត្ថិភាពផងដែរ។ ហើយសំខាន់ខ្មោចអត់លងទេ។

ថ្ងៃអាទិត្យទី​០៧ ខែវិច្ឆិកា ២០២២ ( បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ពោធិសាត់)

បន្ទាប់ពីធ្វើដំណើរជាងបីរយគីឡូម៉ែត្រទាំងយប់ ពួកយើងក៏មកដល់ខេត្តស្វាយស៊ីសុផុន​ម៉ោង​ជិត១២ពាក់កណ្តលអធ្រាត​ទៅហើយ។

ភ្ញាក់ព្រឹមឡើងម៉ោង៧ដើម្បីរៀបចំខ្លួន។

ទូរស័ព្ទនាំផ្លូវlegend​គឺ Pixel 4 របស់មិត្តភក្តិដែលបានជីះជាមួយនឹងគឺបានរលត់អត់ដំណើរការ។ មូលហេតុគឺទូរស័ព្ទហ្នឹងត្រូវបានយកលាងទឹកពេលជិះមកពីព្រះវិហារ។

ដំបូងគិតថាជិះឆ្វែលរកកន្លែងជាងជួសជុលទូរសព្ទសិន ទុកទូរសព្ទឲ្យជាងធ្វើ​រួចទៅរកកន្លែង​បាយព្រឹក។

ដោយសារតែយើងមិនមែនម្ចាស់តំបន់ អញ្ចឹងការស្វែងរកកន្លែងធ្វើទូរសព្ទក៏ពិបាក។​ដូចច្នេះ​យើងសម្រេច​ទៅរកកន្លែងបាយ​ព្រឹកតែម្តង។

ម្ហូបខុសគ្នាតាមតំបន់! ខ្ញុំមកដល់ខេត្តនេះជាទូទៅដោយខ្ជិលគិតស្មុគស្មាញច្រើន ពួកខ្ញុំ​ជាទូទៅបរិភោគបាយសាច់ជ្រូក។ បាយសាច់ជ្រូកនេះជាអាហារពេលព្រឹកទូទៅហើយ។

ប្លែក! បាយសាច់ជ្រូកនៅស្វាយស៊ីសុផុនគឺដូចបាយសាច់ជ្រូកធម្មតា ប៉ុន្តែអ្វីប្លែកនោះ​គឺគេ​ថែមបុក​សណ្តែកកួរ។ រស់ម្យ៉ាង។ បាយសាច់ជ្រូកប្រភេទនេះរកអត់មានទេនៅតាម​តំបន់ផ្សេងទៀត។

ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺរឿងទូរសព្ទ។ ពេលកំពុងបរិភោគបាយព្រឹកបណ្តើរ មិត្តភក្តិ បានយកទូរសព្ទទៅដាក់សំដិលថ្ងៃអោយឆាប់ស្ងួត។ ប្រសិនបើអភូតហេតុកើតឡើងនោះ ទូរសព្ទ នឹងដំនើរការវិញ។ ប៉ុន្តែបើនៅដដែលអត់ដំណើរទេគឺត្រូវតែទៅរកជាងច្បាស់ណាស់។ ប៉ុន្តែសំណាងល្អទូរសព្ទនោះក៏ដំណើរការវិញដូចធម្មតា។

ឆ្លៀតក្នុងពេលធ្វើដំណើរដល់បន្ទាយមានជ័យ ក៏ចូលលេងមិត្តរួមការងារបន្តិច​ដែលនៅខាងមង្គលបុរី​ដែលមានចម្ងាយត្រឹមតែប្រមាណជ១១គីឡូម៉ែត្រមុនហ្នឹងបន្តទៅ ខាងអូសោម​។

បទពិសោធន៍នៃការជិះម៉ូតូតាមខេត្តបន្ទាត់ព្រំដែនជាង២៣០០គីឡូម៉ែត្រជុំវិញប្រទេសកម្ពុជា(វគ្គ១)

នេះគឺជាសាកល្បងនៃការធ្វើដំណើរតាមបណ្តាខេត្តខ្សែរបន្ទាត់ព្រំដែនប្រទេសកម្ពុជា។ នេះជាការ​ធ្វើដំណើរដោយម៉ូតូលើកទី១របស់ខ្ញុំ និងក៏ជាដំណើរវែងឆ្ងាយ​មួយសម្រាប់ខ្ញុំ​ដែររហូត ដល់ចម្ងាយ​ប្រមាណជាង២៣០៩គីឡូម៉ែត្រ ដោយចំនាយពេលត្រឹមតែ៥ថ្ងៃ និងម៉ោងសរុប ៤៥ម៉ោង២៧ នាទី សម្រាប់ការជិះសុទ្ធអត់សម្រាក(គណនាតាមការប៉ាន់ស្មានរបស់ Google Map)។

ពួកយើងចេញដំណើរនៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា – ថ្ងៃអង្គារ ទី៨ ខែវិច្ឆិការ ឆ្នាំ2022។

ការធ្វើដំណើរនេះខ្ញុំមានគ្នា២នាក់ជាមួយ ចំនួន២ម៉ូតូ! របៀបធ្វើដំណើរបែបថវិកា! ទាំងម៉ូតូ ទាំង​សម្ភារ​សម្រាប់ការធ្វើការដំណើរ ទាំងកន្លែងគេង និងទាំងការហូបចុក។ ប៉ុន្តែការធ្វើដំណើរ​បែបនេះ​ខ្ញុំអត់​ណែនាំ​​ឲ្យ​អ្នក​អស់​គ្នាធ្វើតាមរបៀបខ្ញុំទេ។

ការរៀបចំរបស់ខ្ញុំមិនមានអ្វីច្រើនទេអ្នកទាំងគ្នា! មានតែអាវJacketសម្រាប់ជិះម៉ូត ខោអាវធម្មតា​ទុកសម្រាប់ផ្លាស់ពេលគេង ការម៉េរា Fuji Xt3តូចមួយ(កាម៉េរ៉ាតូចច្រលឹង សំណប់ចិត្តរបស់ខ្ញុំ) GoPro Hero 11មួយ(ទិញ២ថ្ងៃមុនថ្ងៃធ្វើដំណើរ) power bank មួយ​(ខ្ចីអ្នកនៅ​កន្លែង​ធ្វើការ អរគុណ​សម្រាប់​ការឲ្យខ្ចី) មួកសុវត្ថិភាព ស្រោមដៃ(ទិញមួយថ្ងៃមុនថ្ងៃធ្វើដំណើរ) គ្រឿងញាំតិចតួច និងថ្នាំ​សង្កូវ​ខ្លះៗ​ដូចជាពពួកវីតាមីន ថ្នាំរាគ ឈឺគ្បាលដែលប្អូនស្រីរៀបចំ​អោយមួយកំភ្លេ!

DCIM\100GOPRO\GOPR0579.JPG

ដំណើរនេះខ្ញុំបានចាប់ផ្តើមចេញពីរាជធានីភ្នំពេញ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឺងត្រែង ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ពោធិសាត់ កោះកុង កំពង់ស្ពឺ កណ្តាល ភ្នំពេញ។

ការធ្វើដំណើរនេះដំណើរនេះខ្ញុំមានគោលបំណងដើម្បីធ្វើលំហាត់ប្រាណឲ្យខួរក្បាលរៀនចេះគិតធ្វើរឿងមានប្រយោជន៍ខ្លះ និងជាការទទួលបាន​បទពិសោធន៍​ដ៏ថ្មីសម្រាប់ខ្ញុំ​ក្នុងការមើលឃើញ​មាតុភូមិ​មួយ​ពីជ្រុង​មួយនៃការធ្វើដំណើររបស់ខ្ញុំ។

ក្នុងអត្ថបទខ្ញុំនេះខ្ញុំគ្រាន់តែលើកឡើងនូវអ្វីដែលបានឆ្លងកាត់ និងមើលឃើញរបស់ខ្ញុំ​នៃការជិះ​ផ្សង​ព្រេង​​​​បែបផ្លេកបន្ទោរមួយនេះ។ ខ្ញុំសរសេរអត្ថបទនេះរាង និងលម្អិតបន្តិច។ ខ្ញុំគិតថានេះក៏ដើម្បីជាការចងចាំមួយដែលខ្ញុំគិតគួរតែសរសេរឲ្យបានវែងដើម្បីទុកជាអនុស្សាវរីយ៍ផង និងជាកំណត់ត្រាផ្ទាល់ខ្លួនផង។ នេះជាលើកទី១ផងដែរ ដែលខ្ញុំសាកល្បងសសេរកំណត់ត្រាវែងបែបនេះ។ 

ដំណើរឆ្លងកាត់ខេត្តនីមួយៗ

ថ្ងៃសុក្រទី​០៤ ខែវិច្ឆិកា ២០២២ (ភ្នំពេញ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនៈគិរី)

នៅថ្ងៃសុក្រទី៤វិច្ឆិការ វេលាម៉ោង ៤ព្រឹក យើងបាចចាប់ផ្តើមដំណើររបស់យើង។ ដំណើររបស់​យើង​ចេញ​ពីភ្នំពេញ ជិះតាមផ្លូវជាតិលេខ១ កាត់តាមអ្នកលឿង។

នៅពេលចេញដំណើរ យើងអត់រំពឹងថាមានភ្លៀងអីតាមផ្លូវដែរ ដោយសារគិតថាអំឡុង​ខែនេះភាគ​ច្រើនអត់ភ្លៀង បើមានភ្លៀងក៏មានភ្លៀងកក់ខែបន្តិចបន្តួចដែរ។

មែនអ្នកទាំងអស់គ្នា! គ្រាន់ជិះហួសផ្សារគគីប្រហែលជាង១០គីឡូម៉ែត្រ ភ្លៀងក៏ចាប់បង្អុរចុះមក។ ពួកយើងក៏ចាប់ផ្តើមអែបកៀនផ្លូវដើម្បីរកក្រណាត់កៅស៊ូក្របអីវាន់របស់យើងដែលចងពីក្រោយ។

រាងហួសចិត្តបន្តិចដែរដោយសារតែខុសពីអ្វីដែលរំពឺងទុក។​

ម៉ោង ៥.៥០នាទព្រឹកថ្ងៃដដែលយើងទៅដល់អ្នកលឿង និងបានឈប់នៅហ្ការាសាំងភីធីធី  និងឆ្លៀតផឹកកាហ្វេម្នាក់មួយកែវអោយហើយដើ​ម្បី​​​អោយស្វាង។

នៅពេលដែលឆ្លៀតឈប់ហ្នឹង ក៏មានឡានក្រុងដឹកអ្នកឈប់សម្រាកបន្តិច និងបន្តដំនើរ​ទៅប្រទេសវៀតណាម។

ជាទូទៅពេលព្រឹកខ្ញុំសុខចិត្តអត់បាយព្រឹក តែធ្វើយ៉ាងមិចកុំឲ្យតែអត់កាហ្វេ។

គ្រាន់តែបានកាហ្វេភ្លាម ស្វាងចែស! ដំណើរក៏បន្តទៅមុខទៀត។

អ្វីដែលចាប់អារម្មណ៍នោះគឺនៅតាមផ្លូវជិតដល់ទីរួមខេត្តស្វាយរៀង(ភ្លេចឈ្មោះតំបន់)ខ្ញុំមានឃើញប្រជាពលរដ្ឋមានលក់អំបុកដែលលីងថ្មីតាមដងផ្លូវឥតដាច់។

បងប្អូននៅតំបន់លក់អំបុកដែលដាល់ដោយម៉ាស៊ីន។

ខ្ញុំរាងមានអារម្មណ៍ភ្ញាក់ផ្អើលដែរ។ ដោយសារធ្លាប់ឃើញតាមផ្លូវតែទៅសៀមរាប ដែលត្រូវបានចុះ​ផ្សាយ​ដោយប្រព័ន្ធផ្សព្វផ្សាយនានា។

ពេលចូលដល់ទីរួមខេត្តស្វាយរៀងម៉ោងប្រហែល៧ជាងតិចតួច ខ្ញុំក៏ជីះឆ្វែលតាមទន្លេវ៉ៃកូបន្តិច។

ម៉ោងជាង៧ ទីរួមខេត្តមានមនុស្សអ៊ូអរ មានសិស្សកំពុងធ្វើដំនើរតាមតាមផ្លូវទៅសាលារៀន។

បងប្អូនយើងខ្លះមកពីជីះម៉ូតូ ខ្លះជិះកង់ មានដឹកបន្លែ រណេងរណោងដើម្បីយកលក់នៅផ្សារ។

ព្រះសង្ឃនិមន្តបិណ្ឌបាត្រតាមផ្លូវជាដើម។

ចំនែកផ្លូវឡើងពីទន្លេវៃកូ ទៅខាងឃុំជីភូ គឺផ្លូវដ៏មមារញឺកមួយដែរ។ បងប្អូនប្រញាប់ប្រញាល​ជិះម៉ូតូ​ទៅធ្វើការ។ម៉ូតខ្លះ ជិះម្នាក់ ខ្លះជិះពីរអ្នក និងមានកន្ត្រកដាក់ម្អូប​ខ្លះៗ(ប្រហែលទុកសម្រាប់​បាយថ្ងៃ​ត្រង់​)។

ជិះរហូតដល់ផ្សារជីភូ មានផ្លូវបត់ទៅខាងឆ្វេង គឺផ្លូវលេខ៣១៣០ រហូតដល់រមាសហែក ពញាក្រែក ត្បូងឃ្មុំ មេមត់។

អ្វីដែលខ្ញុំអាចកក់សម្គាល់បានគឺ ផ្ទះបងប្អូនតាមបណ្តោយដងផ្លូវមានផ្ទះឈើលើ ថ្មក្រោម ផ្ទះថ្ម និងមានស្រែព័ទ្ធជុំវិញដែលអាចសន្និដ្ឋានបងប្អូននៅតំបន់មានជីវភាពគ្រានបើ។

ខ្ញុំជិះរហូតដល់ មេមត់ ខេត្តត្បូងឃ្មុំ ក៏ឈប់ចាក់សាំងប្រហែលម៉ោង១១ជាង។ នៅហា្ករាសាំងតូតាល់​មានឡានក្រុងបីបានសម្រាកដំណាលគ្នាដែរ។ ឡានក្រុងទាំងបីនេះ​គឺឡាន​ដំណើរកំសាន្ត​របស់បុគ្គលិក​ក្រុមហ៊ុនទៅខេត្តមណ្ឌលគិរី។ ខេត្តមណ្ឌលគិរីគឺជាខេត្តគោលដៅមួយដែលយើងត្រូវ​ឈប់​សម្រាកថ្ងៃទី១។

ចេញមេមត់ ខ្ញុំក៏ឈៀងដំណើរចូលទៅតំបន់ អិច១៦(តំបន់កោះថ្ម) ដែលជាតំបន់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចេញវៀតណាមដើម្បីរំដោះកម្ពុជា។តំបន់កោះថ្មនេះនឹងក្លាយទៅជា ច្រកទ្វារព្រំដែនអន្ដរជាតិកម្ពុជាវៀតណាម និងជាតំបន់ប្រវត្តិសាស្ត្រផងដែរ។

បន្ទាប់ជិះដល់តំបន់កោះថ្មនេះ យើងបន្តដំណើរទៅមុខទៀត ប៉ុន្តែយើងអត់ត្រលប់ក្រោយទេ គឺយើង​សម្រេច​ជិះតាមបណ្តោយផ្លូវលំគ្រួសក្រហមតាមបណ្តោយព្រំដែនរហូត។

ផ្លូវលំនេះខ្ញុំអត់ជីះពីមុនទេ។ ជិះតាមបណ្តោយផ្លូវនេះរហូតយើងឃើញមានបង្គោលព្រំដែន ប្រឡាយ​កំណត់​តំបន់ស រវាងកម្ពុជាវៀតណាម ប៉ុស្ត៍ប៉ូលីប្រចាំការ និងចំការកៅស៊ូនៅខាងវៀតណាម។

ជិះតាមផ្លូវលំរហូតជិះដល់ផ្លូវជាតិវិញ មានបុរសម្នាក់ធ្មេញមាស បានបក់ដៃកាក់ហៅពួកយើងឈប់។

បុរសម្នាក់នោះបាននិយាយ បងប្រុសរបស់ខ្លួនចង់ជួបសួរនាំចន្តិច ខណៈដែលបងប្រុសរបស់គាត់​កំពុងជិះឡាន​តាមពួកខ្ញុំពីក្រោយ។

គាត់និយាយថាបងប្រុសគាត់គីជាគយប្រចាំតំបន់នេះ ឃើញពួកខ្ញុំជិះម៉ូតធំពីរកាត់តំបន់ហ្នឹង​អញ្ចឹងចង់​សួរនាំ។

ពួកខ្ញុំឈប់ប្រហែល៥នាទីក្រោយមក ឡានកាម៉ារីពណ៌សំបកឥឡឹកមកដល់ឈប់។ ខ្ញុំក៏លើកដៃសំពះ​ជម្រាប​សួរគាត់។

គាត់ក៏សួរថា៖ ពួកអូនឯងមកពីណា?

ខ្ញុំក៏តបវិញថា៖ ពួកខ្ញុំជិះមកពីភ្នំពេញ ចូលលេងតំបន់ប្រវត្តិសាស្ត្រសម្តេច។

គាត់តប៖ អម្បាញ់ខ្ញុំស្មានតែពួកយួនជិះ។ អញ្ចឹងប្អូនអញ្ជើញបន្តដំណើរទៀតចុះ។

ខ្ញុំរាងចម្លែកបន្តិចដែរ។ ប៉ុន្តែខ្ញុំអត់មានឆ្លើយឆ្លងអ្វីច្រើនទេ គ្រាន់តែលឺនិយាយប៉ុន្នឹងពួ​កខ្ញុំបញ្ចេះម៉ូតូ​បន្តដំណើរទៅមុខទៀត។

ម៉ោងប្រហែលជិត២ពួកខ្ញុំទៅជីះដល់ស្នួល(ខេត្តក្រចេះ) ដើម្បីបន្តទៅមណ្ឌលគិរី។

ពេលដល់ផ្លូវបំបែកស្នួលពួកយើងក៏ឈប់សម្រាកបន្តិច ដើម្បីផឹកកាហ្វេ និងរកអីញាំទ្រាប់ពោះបន្តិច។

ពេលដល់ស្នួលហ្នឹង អ្វីដែលមិនត្រូវភ្លេច គឺក្រឡានក្រចេះតែម្តង! ក្រឡានក្រចេះនេះគឺជា​របស់​ពិសេស​ប្រចាំ​តំបន់ហើយ។ មកដល់ស្នួលហើយមិនបានសាកក្រឡានក្រចេះ ដូចនៅភ្នំពេញ​អត់ស្គាល់វិមានឯករាជ្យអញ្ចឹង។

អង្គុយសម្រាកប្រហែលកន្លះម៉ោង មានប្អូនប្រុសម្នាក់មកផឹកកាហ្វេ ក៏មកសួរនាំ ហើយក៏បានអង្គុយ​ជជែក​គ្នាពីនេះពីនោះ។ ជជែកអំពីការជីះម៉ូតូខ្លះ អំពីការងារខ្លះ និងអំពីនេះ អំពីនោះខ្លះ។

ដល់ស្នួលហើយ! អញ្ចឹងជិតអស់ពីអ្វីដែលត្រូវរៀបរាប់ពីដំណើរថ្ងៃទី១ហើយ។

ចេញ​ពីស្នួលទៅ មណ្ឌលគិរីម៉ោងប្រហែលជាង២រសៀល។

ផ្លូវចេញពីស្នួលទៅមណ្ឌលគិរីស្អាត! មានឡើងភ្នំ មានចុះភ្នំ មានដើមឈើអមជុំវិញ។ សម្រាប់អ្នកដែល​ចូល​ចិត្តធម្មជាតិ និងចូលចិត្តទៅ​លេងមណ្ឌលគិរី​ប្រហែលជាយល់​ពីទិដ្ឋភាពតាមដងផ្លុវនេះហើយ។

កន្លែងខ្លះក៏ស្ងាត់!

ពេលកំពុងជិះឡើងភ្នំ នៅតំបន់មួយដែលនៅសងខាផ្លូវរាងក្រាស់ដែរ។

 យើងបានជួបឧប្បត្ទវហេតុមួយ។

“ឧប្បត្ទវហេតុជួបគូព្រេង”។

ពេលហ្នឹងខ្ញុំកំពុងជិះនាំមុខម៉ូតូគ្នាខ្ញុំម្នាក់ទៀត។

មើលពីចម្ងាយ ខ្ញុំឃើញមែកឈើ ពណ៌ខ្មៅនៅចំកណ្តាលផ្លូវតែម្តង។ ប៉ុន្តែអ្វីដែលសង្ស័យ​នោះគឺមាន​ចាំងពណ៌រលើបរលើប!

ម៉ូតូខ្ញុំជិះរាងលឿនដែរ។ គ្រាន់តែជិះកាត់ភ្លាមអ្នកទាំងអស់គ្នា អ្វីដែលខ្ញុំហៅថាគូព្រេង​នៅបម្រុង​នឹងបើកវែក​ទៅហើយ។ ទំហំរាងក្រែលដែរ ប៉ុនកំភូនដៃ នឹងមានប្រវែងជាង១ម៉ែត្រ។ ខ្ញុំភ្ញាក់ក្រញាង ខំលើកជើងហ្នឹងរេចង្កូតម៉ូតូធ្លាក់ផ្លូវបន្តិចដែរ។

គ្រាន់តែខ្ញុំជិះផុតភ្លាម គ្នាខ្ញុំដែលជិះតាមក្រោយ ភ្ញាក់ដែរ។ គាត់សម្រេចថា អត់ជិះកាត់មុខទេ សុខចិត្តងាកមកខាងស្តាំដៃខាងក្រោយគូរព្រេងវិញ ដើម្បីអោយគាត់ឆ្លងកាត់ផ្លូវបានស្រួល។

មានណាអ្នកទាំងអស់គ្នា! គ្រាន់តែជិះជិតដល់​គូ​ព្រេងនេះបើកវែកហើយស្រេចបក​ក្បាលទៅក្រោយ​វិញ។

ដោយសារតែខ្លាចវាហក់មកចឹក សុខចិត្តចាប់ហ្វ្រាំងម៉ូតូមកក្រោយវិញ រហូតដល់ដួលម៉ូតូ។ សំណាងល្អដែរអត់មានឡាន​មកពីក្រោយ និងក៏មិនត្រូវរបួសអីដែរ។គ្រាន់តែហត់ នឹងលើកម៉ូតូ ដោយសារតែម៉ូតូទំងន់ជាង២០០គីឡូក្រាមហើយ។

សុខចិត្តបណ្ឌួលម៉ូតូដើម្បីឲ្យគូព្រេងឆ្លងផ្លូវដោយសុវត្ថិភាព។

គូព្រេងដែលខ្ញុំនិយាយនេះ គឺជាពស់វែក។ច្បាស់ៗស្តែង! XD

ពួកយើងក៏ឈប់ចាក់សាំងម៉ូតូធុងទី២ របស់យើងនៅមណ្ឌលគិរី។

ពួកយើងទៅដល់ខេត្តមណ្ឌលគិរីម៉ោងជិត៥ម៉ោងល្ងាច។

ខ្ញុំមានអារម្មណ៍លាយគ្នាពេលជិះកាត់ខេត្តមួយនេះ។ គឺអារម្មណ៍សប្បាយស្រស់ថ្លាជាមួយ​នឹងទេសភាព មានវាលស្មៅពណ៌មាសនៅលើភ្នំដែលអត់ដើមឈើ កន្លែងខ្លះឃើញវាលស្រល់ ត្រង់នេះបន្តិច ត្រង់នោះបន្តិច ផ្ទះលំហែនៅលើភ្នំ និងតាមចង្កេះភ្នំ ប្រៀបដូចជា​តំបន់​មួយ​ដែលស៊ីវីល័យ អមដោយទេសភាព អាកាសធាតុ យ៉ាងល្អប្រណិត។

អមជាមួយនឹងអារម្មណ៍ស្រស់ថ្លានេះ ក៏កើតមានកូនចិត្តមួយដែលស្រណោះ។ ស្រណោះនោះ​គឺឃើញភ្នំអីត្រូវ​​បានព័ទ្ធរបងជាកម្មសិទ្ធឯកជន អាកាសធាតុក៏មិនសូវដូចមុន ធម្មជាតិក៏មិនសូវ​ស្រស់ដោយ​សារ​តែក្រឡេកទៅណាក៏ឃើញតែផ្ទះលំហែ បឹងកាហ្កាឡូ។

សម្រាប់ខ្ញុំនៅពេលដែលដូចនេះហាក់បីដូចជាបាត់បង់ឳជារស និងធាតុដើមនៃធម្មជាតិនៃ​ខេត្តមួយនេះ។ នេះគ្រាន់តែជាអារម្មណ៍មួយតែប៉ុននោះ។

ដល់ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី អ្វីដែលយើងមិនភ្លេចនោះគឺទៅ​រង្វង់មូលគោព្រៃ​ដើម្បីថត​រូបទុកជាឯកសារ។

អ្វីដែលសាំនោះអ្នកទាំងគ្នា ពេលដល់រង្វង់មូលគោព្រៃ គឺខ្ញុំឈប់ម៉ូតូហើយភ្លេចវាលជន្ទល់ ហើយក៏នឹក​ស្មានខ្លួនឯងវាយជន្ទល់រួចដែរ។មានណា គ្រាន់ផ្អៀងម៉ូតូបន្តិចដល់ដួលខ្ជោលតែម្តង។​ចង់ទប់ក៏​មិន​ជាប់​ ស្រួលមិនស្រួលថ្លោះក្រលៀន កដៃអី ឥលូវហើយដោយ​សារម៉ូតូធ្ងន់។​ដូចច្នេះក៏អោយវា​ដួល​ទៅសុខ​ចិត្តចាំលើកវាវិញ។

ដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងថាគោលដៅរបស់យើងថ្ងៃទី១ត្រូវបានបញ្ចប់នៅមណ្ឌលគិរី។

DCIM\100GOPRO\GOPR0624.JPG

ប៉ុន្តែដោយឃើញមេឃនៅរាងភ្លីម៉ោងប្រហែល៥ខ្ញុំក៏មើលមុខគ្នាថាសម្រេចទៅសម្រាកនៅរតនៈគិរីវិញ។ ក្នុងគម្រោងខេត្តរតនៈគិរីគឺជាខេត្តដែលយើងឆ្លងកាត់នៅថ្ងៃទី២នៃដំណើររបស់យើងទេ។

យើងក៏សម្រេចគ្នាថាទៅចេញដំណើរទៅរតនៈគិរីទាំងយប់តាមបណ្តោយផ្លូវជាតិលេខ៧៦ លើចំងាយផ្លូវប្រមាណ១៥៤គីឡូម៉ែត្រ។

ស្រុកដែលយើងឆ្លងកាត់ទៅខេត្តរតនៈគិរីគឺមានតំបន់ការធម្មជាតិស្រែពក ស្រុកកោះញែក និងស្រុក​លំផាត់។

នេះជាលើកទីមួយជិះកាត់តំបន់ភ្នំពេលយប់។

យើងចាប់ផ្តើមចេញក្រុងសែនមនោរម្យនៅម៉ោងជាង៥ល្ងាចទៅហើយ។

ផ្លូវជិះទៅរតនៈគិរីខែនេះម៉ោង៦មិនទាន់ គឺល្ងិតដូចយប់។ ណាមួយដោយសារចាប់ផ្តើមដ​ល់​រដូវរំហើយ​ផង ណាមួយទៀតស្រុកព្រៃផង។

អ្វីដែលជាបទពិសោធន៍ដ៏ល្អតាមផ្លូវទៅរតនៈគិរីគឺ ផ្លូវស្រួលរហូតដល់ក្រុងបានលុងតែម្តង។​មួយវិញ​ទៀត​​គឺផ្លូវបានជិះកាត់តំបន់ការពារស្រែពកដ៏វែងឆ្ងាយ។

ខ្ញុំអត់ដឹងថាអ្នកទាំងគ្នាគិតយ៉ាងមិចទេ ប៉ុន្តែខ្ញុំគិតកាត់តំបន់ការពារមួយនេះធ្វើឲ្យបានឃើញពីភាព​ប្លែកនៃ​ព្រៃធម្មជាតិ ដើមឈើ ថ្លុក ដែលបានរចនាចេញភាពគួរឲ្យគយគន់។

អ្នកទាំងអស់គ្នាគួរសាកល្បងតាមផ្លូវពីមណ្ឌលគិរី ទៅរតនៈគិរីឲ្យបានម្តង។

អ្វីដែលគួរឲ្យកត់សម្គាល់ទោះបីជាផ្លូវយប់ ស្ងាត់ កាត់ព្រៃជ្រៅក៏ដោយ ក៏ការធ្វើដំណើរមួយ​តាមផ្លូវមួយនេះ​​មានសុវត្ថិភាព។

នៅពេលមេឃងងឹតខ្លាំង តាមផ្លូវជិះកម្រជួប ឡាន ឫម៉ូតូណាស់។ប៉ុន្តែនៅពេលដែលជិះ​កាត់ផ្លូវមួយ​ខ្ញុំមានអារម្មណ៍​ថា​មានសុវត្ថិភាព។

យើងទៅដល់ខេត្តរតនៈម៉ោងប្រហែលជាង៨យប់។ ក៏ឈានចូលទៅរកអីញាំ!

យើងព្យាយាមរកម្ហូបតំបន់!

បានដូចចិត្តមែន! សម្លចាណាង របស់បងប្អូនជនជាតិភាគតិច។

ខ្ញុំអត់ធ្លាប់បរិភោគសម្លនេះពីមុនមកទេ។ សម្លនេះទឹករាងខ្មៅ មានជើងជ្រូក មានទំពាំង និងក្តាត។​សម្ល​នេះសម្រាប់ខ្ញុំស្រដៀងខទំពាំងជើងជ្រូកបន្តិច សម្លក្តាតបន្តិច។

ខ្ញុំកុម្មង់សម្លចាណាងមួយចានឌុប បន្លែ ឌុបសាច់! ដោយសារតែជិះម៉ូតូ​អស់កម្លាំងច្រើន។​ដូចនេះសុំឌុបទាំងអស់។

ខ្ញុំចាត់ទុកថារាងចម្លែកសម្រាប់ម្ហូបតំបន់មួយនេះគឺអ្នកលក់ម្ហូបចាណាងនេះគឺជាជនជាតិវៀតណាម តែមិនមែនបងប្អូន​ជាតិភាគតិចយើងនោះទេ។

បន្ទាប់មកយើងក៏ចូលមកកន្លែងសម្រាកសម្រាប់បន្តដំណើរទៅមុខទៀត។ នៅរតនៈគិរីយើងស្នាក់នៅ Green Plateu Lodge ដែលមានតម្លៃសមរម្យ កន្លែងស្នាក់នៅស្ងប់ស្ងាត់ល្អសម្រាប់ស្នាក់នៅអ្នកដំនើរ។ កន្លែងនេះស្ថិតនៅម្តុំបឹងកន្សែង។

DCIM\100GOPRO\GOPR0656.JPG

ការចូលរួមរត់ប្រណាំងនៅតំបន់អង្គរផ្តល់គុណតម្លៃលើសពីសុខភាព

ការចូលរួមរត់ប្រណាំងនៅតំបន់អង្គរផ្តល់គុណតម្លៃលើសពីសុខភាពនេះគឺជាការរត់ពាក់កណ្តាលម៉ារ៉ាតុងលើកទី២ និងជាការត់ពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តសៀមរាប តំបន់អង្គរលើកទី១របស់ខ្ញុំ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៣នៃកម្មវិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ២០២៣។ ខ្ញុំបានចុះឈ្មោះកម្មវិធីរត់ប្រណាំងនេះលើចំងាយផ្លូវ២១គីឡូម៉ែត្រនៅចុងខែមិថុនា។

ខ្ញុំគិតថារយៈចំងាយត្រឹមប៉ុននេះគឺខ្ញុំអាចធ្វើបាន និងអាចឲ្យខ្ញុំទទួលបានបទពិសោធន៍ដែលខ្ញុំគិតអស្ចារ្យបំផុតសម្រាប់ខ្ញុំផ្ទាល់ដើម្បីបានយល់ដឹងបន្ថែមនៃតំបន់អង្គរ។ តំបន់អង្គរនេះដ៏ពិសិដ្ឋមួយនេះបានឆក់យកបេះដូងរបស់ខ្ញុំទុកបាត់ហើយ។ ភាពទាក់ទាញប្រកបដោយអច្ឆរិយភាពនៃអរិយធម៌ពីដូនតាដែលមានដូចជាប្រាសាទនានា សិល្បៈ កំពែងទឹក ព្រៃឈើធំៗ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ស្មាមញញឹមដ៏បរិសុទ្ធនៃកុមារ ទាំងអស់នេះហើយគឺជាភាពស្រស់បំព្រងដែលបានធ្វើឲ្យខ្ញុំមានមនោសញ្ចេតនានៅទីនេះ។

ខ្ញុំសូមចែករំលែកបទពិសោធន៍ខ្លះៗខ្ញុំទទួលបានពីការរត់ពាក់កណ្តាលម៉ារ៉ាតុងរបស់ខ្ញុំនៅតំបន់អង្គរនេះ។

អ្វីខ្ញុំចាប់អារម្មណ៍បំផុត និងជម្រុញឲ្យខ្ញុំមករត់នោះគឺភាពស្រស់ស្អាតនៃថ្ងៃរះនៅប្រាសាទអង្គរតែម្តង និងជាទីចាប់ផ្តើមនៃការរត់។ ការត់ចាប់ផ្តើមនៅម៉ោងប្រាំកន្លះព្រឺក។ កីឡាករ ក្រុមការងាររៀបចំកម្មវិធីបានមកដល់តាំងពីម៉ោងថ្ងៃមិនទាន់រះ។ ខ្ញុំបានជិះរឺម់កកង់បីមកដល់ទីតាំងកម្មវិធីម៉ោង៤.៥០នាទីព្រឹក។ ចាប់ពីម៉ោងប្រហែល៥យើងអាចចាប់ផ្តើមឃើញស្រមោលនៃកំពូលប្រាសាទអង្គរវត្ត និងពន្លឺព្រះអាទិត្យពណ៌ក្រហមព្រឿងៗ និងពណ៌ស្វាយនៅជើងមេឃខាងក្រោយប្រាសាទអង្គរ។ នេះគឺជាទិដ្ឋភាពដ៏អស្ចារ្យសម្រាប់ខ្ញុំ និងបានធ្វើឲ្យខ្ញុំតែងមានចម្ងល់ និងស្ញប់សសើរនៅអ្វីដែលបុព្វបុរសបានបន្សល់ទុកឲ្យ។

ម៉ោង៥.៣០គត់ គឺជាវេលាកំណត់សម្រាប់ក្រុមរត់រយៈចំងាយ២១គីឡូម៉ែត្រ។

នៅពេលស្នូរកាំភ្លើងបន្លឺឡើង ផាំង! យើងបានចេញដំណើរតាមទិសដៅខាងត្បូងប្រាសាទអង្គរវត្តដែលបានកំណត់ហើយស្រេច។ យើងបានលឺសន្ធឹកនៃស្បែករបស់កីឡាករទាំងអស់ចេញទៅព្រឹបៗព្រមគ្នា។ នៅពេលដែលចាប់ផ្តើមនោះខ្ញុំបានចាប់រម្មណ៍នៃភាពចម្រុះពណ៌ មានពណ៌ទឹកក្រូចស្រស់ ពណ៌បៃតងខ្ចី ពណ៌ក្រហម ពណ៌ស។ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់បន្តិចទេនោះ ប្រហែលជាយើងមិនឃើញពីភាពចម្រុះពណ៌ដ៏ស្អាតមួយនេះឡើយ។ ស្បែកជើងរបស់ខ្ញុំដែលពាក់រត់នាថ្ងៃនោះមានខៀវចាស់លាយប្រផេះ។

ខ្ញុំបានរត់កាត់ប្រាសាទជាច្រើនដូចនេះប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ខ្លោងទ្វារខាងជើង និងខ្លោងទ្វារជ័យ ប្រាសាទបាយ័ន លានជល់ដំរី និងប្រាសាទនាង១២ គូទឹកនៃប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួនទៀតដែលខ្ញុំអត់ចាំឈ្មោះ។

នៅពេលដែលជីះឡាន ឫជិះម៉ូតូ យើងទទួលបទពិសោធន៍មួយនៃការទៅដល់គោលដៅ។ ប៉ុន្តែនៅពេលដែលយើងរត់ ឫដើរ យើងនឹងទទួលបានបទពិសោធន៍ផ្សេងៗតាមដងផ្លូវ នៃការទៅដល់គោលដៅ”។ ខ្ញុំគិតថាល្បះនេះពិបាកអានបន្តិច ប៉ុន្តែខ្ញុំយល់ស្របល្បះមួយនេះ។ នៅពេលដែលខ្ញុំរត់ខ្ញុំទទួលបានអារម្មណ៍ល្អចម្លែកៗនៅពេលដែលខ្ញុំរត់កាត់ប្រាសាទនីមួយៗ។

ការរត់កាត់ខ្លោងទ្វារខាងត្បូងនៃប្រាសាទបាយ័នដែលនៅសល់ប្រមាណ១,៥គីឡូមែត្រទៀតដល់ទីបញ្ចប់នេះ គឺជាកត្តាជម្រុញកាន់តែខ្លាំងសម្រាប់ការទៅដល់គោលដៅ។ ព្រះភ័ក្រញញឺមនៃព្រហ្មបាយ័ននៅក្លោងទ្វារខាងត្បូងនេះ ហាក់បីដូចជាការស្វាគមន៍ និងអបអរដ៏កក់ក្តៅសម្រាប់ការជំនះរហូតមកដល់គោលដៅ។

អ្វីដែលមិនអាចកាត់ផ្តាច់បាននោះ គឺព្រៃឈើតាមដងផ្លូវតែម្តង។ មានដើមឈើតូចធំតាមដងផ្លូវ។ នៅពេលរត់កាត់ផ្លូវទាំងអស់នេះយូរៗម្តងយើងឃើញមានខ្លោងទ្វារប្រាសាទដែលផុសចេញពិព្រៃទាំងអស់នេះ។ តាំងពីចាប់ផ្តើម រហូតដល់ទីបញ្ចប់វិញ យើងរត់តាមផ្លូវមានម្លប់ត្រឈឹងត្រឈៃ ត្រជាក់ស្រួលរហូត។ ដូចនេះ អត់មានខ្លាចអត់អុកអ៊ីសែនដកដង្ហើមទេ។ អារម្មណ៍ស្រស់ស្រាយ ទាំងនេះ ខ្ញុំធានាយើងមិនរកបាននៅពេលយើងត្រលប់មកភ្នំពេញវិញឡើយ។

អ្វីដែលខ្ញុំចង់បន្ថែមពីចំនុចខាងលើ គឺការបានឃើញជីវភាពរស់នៅនៃប្រជាពលរដ្ឋនៅតំបន់អង្គរនេះ។ នៅពេលព្រឹកព្រលឹមនៅតាមផ្ទះខ្លះរោងមួយសម្រាប់លក់នំបញ្ចុក កន្លែងខ្លះមានលក់បាយសាច់ជ្រូកនិងផ្ទះខ្លះមានតូបភេសជ្ជៈ។មានគោយន្តខ្លះបានដឹកអីវ៉ាន់។ គាប់ជួនពេលខ្លះឃើញជីដូនជិះកង់ដោយមានកន្រ្តកពីក្រោយដឹកបន្លែបន្លុកៗខ្លះៗ។ មានបងៗនគរបាលជួលសម្រួលចរាចរណ៍សម្រាប់រត់ផងដែរ។ នៅកន្លែងខ្លះប្អូនៗកុមារាកុមារីឈរចាំទទួលប្រកបដោយស្នាមញញឹម។

អ្វីដែលខ្ញុំរៀបរាប់នេះគឺមិនទាន់អស់នៅឡើយទេ។ ខ្ញុំអាចនិយាយបានថានេះគឺបទពិសោធន៍ថ្មីមួយរបស់ខ្ញុំទទួលបានពីការរត់ពាក់កណ្តាលម៉ារ៉ាតុងមួយនេះ។ ខ្ញុំក៏គិតថាអ្នកចូលរួមផ្សេងៗក៏ទទួលបានបទពិសោធន៍ល្អៗផងដែរ។ ខ្ញុំបានឃើញសម្រង់សម្តីដែលផុសក្នុងទំព័ហ្វេសប៊ុក KK Running ថា “I really regret that” said no one ever.

ប្រសិនបើអ្នកទាំងអស់គ្នាមានអារម្មណ៍តប់ប្រម៉ល់ពេលខ្លះ បាក់ទឹកចិត្ត ខ្វះការលើកទឹកចិត្ត ជាដើមនោះ ខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងគ្នាអាចចាប់ផ្តើមរត់តិចៗ និងចូលរួមការប្រកួតរត់ប្រណាំងនេះ។ ខ្ញុំធានាថាអ្នកទាំងអស់នឹងទទួលបានអារម្មណ៍ល្អប្លែក។មានឈ្មោះជាការប្រកួតមែនតែការរត់នេះមែនសម្រាប់តែការប្រកួតឡើយគឺមានតែស្នាមញញឺម ភាពសប្បាយនៃអ្នកចូលរួម និងការជួយគ្នា និងសាមគ្គីភាពតែប៉ុននោះ។មិនមានឡើយការរើសអើង និងមើលលើមើលក្រោម។ភ្លេចប្រាប់! ខ្ញុំបានបញ្ចប់ការរត់របស់ខ្ញុំក្នុងថេរវេលា ២ម៉ោង ៥៦ នាទី៕

ប្រសិនបើមានពេលគ្រប់គ្រានខ្ញុំនឹងធ្វើវិដេអូសម្រាប់ការរត់មួយនេះ! អរគុណសម្រាប់ការអាន!